អតីតសមាជិកព្រឹទ្ធសភាអាមេរិក កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១១ ឆ្នាំ​ពី​បទ​ពុក​រលួយ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី30 ខែមករា ឆ្នាំ2025 ម៉ោង 6:51 នាទី ល្ងាច

លោក Robert 'Bob' Menendez អតីតសមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពល ត្រូវបានកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១១ ឆ្នាំ​ពី​បទ​ពុក​រលួយ ។ ចៅក្រម Sidney Stein បានប្រកាសសាលក្រមកាលពីថ្ងៃពុធ ទី ២៩ ខែមករា ២០២៥ ។

អតីតសមាជិកព្រឹទ្ធសភាវ័យ ៧១ឆ្នាំ ដែលត្រូវបានផ្តន្ទាទោសពីបទជំរិតទារប្រាក់ រារាំងដំណើរការយុត្តិធម៌ ទទួលសំណូកដើម្បីជួយពាណិជ្ជករដែលមានទំនាក់ទំនងជាមួយប្រទេសអេហ្ស៊ីប និងកាតា ឥឡូវ​គាត់​ចង់​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត។

“ខ្ញុំចង់សុំក្តីមេត្តាពីអស់លោក មិនមែនសម្រាប់ខ្លួនខ្ញុំទេ ប៉ុន្តែសម្រាប់លោក Anthony» Menendez បាននិយាយទាំងទឹកភ្នែក សំដៅ​ទៅ​លើ​កូន​ប្រុស​របស់​គាត់​ដែល​មាន​ជំងឺ​អូទីស្សឹម។ អតីត​សមាជិក​ព្រឹទ្ធសភា​ជា​ច្រើន​នាក់​ធ្លាប់​បាន​សរសេរ​ទៅ​តុលាការ​ដើម្បី​គាំទ្រ​លោក Menendez។

លោក Robert Menendez គឺជាអ្នកនយោបាយអាជីព និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាដ៏មានឥទ្ធិពលយូរអង្វែងមកហើយ។ ក្នុងអំឡុងពេលឆែកឆេរផ្ទះនៅរដ្ឋ New Jersey របស់ Menendez អ្នកស៊ើបអង្កេត FBI បានរកឃើញសាច់ប្រាក់ចំនួន 480,000 ដុល្លារ និងដុំមាស មានតម្លៃប្រហែល 150,000 ដុល្លារ និងរថយន្ត Mercedes-Benz មួយគ្រឿង ។

ភរិយារបស់គាត់ឈ្មោះ Nadine Menendez ដែលកំពុងតែប្រយុទ្ធនឹងជំងឺមហារីក ក៏ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក រារាំងដំណើរការយុត្តិធម៌ និង​គំរាមបង្ខិតបង្ខំ​ផង​ដែរ ប៉ុន្តែ លោកស្រីនឹងត្រូវកាត់ទោសដោយឡែកពីគ្នា ។ ព្រះរាជអាជ្ញា Daniel Sassoon បាននិយាយថា លោកស្រីត្រូវជាប់ពន្ធនាគារ ពីបទ«ការប្រើប្រាស់អំណាចតួនាទីខុសទាំងស្រុងក្នុងកម្រិតខ្ពស់បំផុត» ៕

 

ប្រភពកាសែត thaipost (30-1-2025)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម