សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ក្នុងការរៀបចំផែនការបានល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម​ ៧០%​ និងគ្រាប់ស្វាយចន្ទីស្ងួត​ ៣០%​

ព័ត៌មានសង្គមថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2025 ម៉ោង 7:28 នាទី ល្ងាច

 

សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុង ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ ។

សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន ។

សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម​ ៧០%​ និងគ្រាប់ស្វាយចន្ទីស្ងួត​ ៣០%​ ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥% ។ បន្ថែមពីនេះ ក៏សូមវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។ បន្ថែមពីនេះទៀត ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖

១/. ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម

ទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម ។

ជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្មទំនើបបានចំនួន ៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ បន្លែសរសី ទំរឹងកំពង់ធំ ប្រាសាទសំបូររុងរឿង កំពង់ធំសាលាវិស័យ បន្លែផ្ទះសំណាញ់ត្រាំកក់ ស្រូវផ្ការំដួលខ្នារឆ្មារ បន្លែកោះខ្សាច់ទន្លេ និង សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការបង្កើតសហគមន៍ថ្មីមួយទៀតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាងឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប០១ ដែលជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម