ក្រសួងបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធបានសម្អាតប្រេង ដែលអណ្តែតមកលើឆ្នេរព្រែកត្រែងក្នុងខេត្តព្រះសីហនុឱ្យប្រសើរឡើងវិញនៅពេលឆាប់ៗនេះ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី02 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 10:42 នាទី ព្រឹក

 

ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បានសហការគ្នាអន្តរាគមន៍សម្អាតឆ្នេរសមុទ្រឱ្យបានស្អាត បន្ទាប់ពីមានប្រេងចំនួនប្រមាណ ២.០០០លីត្រ បានអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងប្រតិបត្តិការនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួង​រ៉ែនិងថាមពល ឯកឧត្តម ម៉ាង ស៊ីណេត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹកនាំ​មន្រ្តីជំនាញចុះពិនិត្យទីតាំងជាក់ស្តែង និងបានតាមដានប្រភពនៃការហូរប្រេងចេញ ដោយបានដឹកនាំការអន្តរាគមន៍​សម្អាតតំបន់ដែលមានកំណកប្រេង នៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតឱ្យបានស្អាតឡើងវិញឆាប់ៗនេះ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ករណីប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ត្រូវបានសម្អាតជាង ៩០%ហើយ។ ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់ តាមរយៈការប្រើប្រាស់សម្ភារៈនិងបច្ចេកទេសត្រឹមត្រូវ។ សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈ នៅកម្ពុជារួមមានក្រុមហ៊ុន CALTEX, TOTAL, PTT និងក្រុមហ៊ុនប្រេងមួយចំនួនទៀត ក៏បានចូលរួមសហការជាមួយក្រុមការងារក្នុងសម្អាតឆ្នេរព្រែកត្រែង នេះផងដែរ។

ប្រតិភូថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ពាក់ព័ន្ធនានា និងរដ្ឋបាលខេត្តព្រះសីហនុ បានវាយតម្លៃឱ្យឃើញថា ករណីប្រេង​អណ្តែតមកលើឆ្នេរព្រែកត្រែង មិនបានប៉ះពាល់ដល់បរិស្ថាន ដែលគួរឱ្យមានការព្រួយបារម្ភនោះឡើយ ៕

រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥ ក៏បានជូនដំណឹងថា អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ អាចមកកម្សាន្តនៅលើឆ្នេរខ្សាច់ព្រែកត្រែង បានជាធម្មតា ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ខណៈអាជ្ញាធរកំពុងឈានទៅបញ្ចប់ការសម្អាត ដោយជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម