អ្នកសារព័ត៌មាន ២ នាក់ គឺលោក គង់ កាន (Kong Kan TV) លោក ហ៊ុយ ឧត្តម (Oudom TV) លោកស្រី ប៉ិច ឆេងអ៊ីម ប្រពន្ធលោក ហេ គឿន និងលោកស្រី សុខ គន្ធា កូនស្រីលោក ហេ គឿន ត្រូវមន្ត្រីនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កោះហៅចូលខ្លួនមកបំភ្លឺ ពីករណីពាក់ព័ន្ធជាមួយការសម្ភាស និងផ្សព្វផ្សាយលើបណ្តាញសង្គម Facebook របស់ Kong Kan TV និង Oudom TV កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ ស្តីអំពីការចាប់លោក ហេ គឿន ជនជាប់ចោទពីបទ«បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក» ដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំទៅលើរាជរដ្ឋាភិបាល ដោយឡែកមកលើស្ថាប័នប្រឆាំងអំពើពុករលួយ ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី ៤៣ អាណត្តិទី ៣ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ របាយការណ៍របស់ ACU បានលើកឡើងថា ទាំងអ្នកនិយាយ ទាំងអ្នកផ្សាយ សុទ្ធតែមានចេតនាញុះញង់ឲ្យមានការប្រឆាំងស្ថាប័នប្រឆាំងអំពើពុករលួយ ។
ក្នុងលិខិតកោះហៅអ្នកទាំង ៤ នាក់ ដាច់ដោយឡែកពីគ្នានេះ មានភ្ជាប់នូវសំណួរឲ្យសាម៉ីខ្លួនត្រូវឆ្លើយបំភ្លឺ សរុប ៥៥ សំណួរ, ២២ សំណួរសួរទៅកាន់លោក គង់ កាន និង ហ៊ុយ ឧត្តម អ្នកសារព័ត៌មាន Kong Kan TV និង Oudom TV, ២៦ សំណួរសួរទៅលោកស្រី ប៉ិច ឆេងអ៊ីម ប្រពន្ធលោក ហេ គឿន និង ៧ សំណួរសួរទៅលោកស្រី សុខ គន្ធា កូនស្រីលោក ហេ គឿន (សំណួរដូចមានភ្ជាប់នៅខាងក្រោម) ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ សាលាដំបូងខេត្តកំពង់ធំ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៥១ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដែលកសាងឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទងនឹងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក ស្ថិតនៅភូមិសាស្រ្តខេត្តកំពង់ធំ ទៅលើជនត្រូវចោទចំនួន ២នាក់ គឺ ១.ឈ្មោះ ហេ គឿន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរជា ប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍសហគមន៍ នៃសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានចោទប្រកាន់ពីបទ«បំផ្លាញដោយចេតនា និងគៃបំបាត់ ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឆ្នាំ២០១០ និង ២.ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរជាកសិករ ត្រូវបានចោទប្រកាន់ ពីបទ «សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២៩ និងមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឆ្នាំ២០១០ ប្រព្រឹត្តនៅចំណុចតំបន់ស្នងម៉ែន ស្ថិតនៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
បន្ទាប់ពីបានពិនិត្យទៅលើភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង ២ រូប គឺ ១.ឈ្មោះ ហេ គឿន និង២.ឈ្មោះ សែ សុងហេង នៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់ ៕