អ្នកវិទ្យាសាស្ត្ររកឃើញ «មីក្រូប្លាស្ទិក» ប្រមូលផ្តុំជ្រៅនៅក្នុងខួរក្បាលមនុស្ស

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 7:06 នាទី ល្ងាច

 

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈថា អត្ថបទមួយបានចុះផ្សាយក្នុងទស្សនាវដ្តី Nature Medicine បានបញ្ជាក់ថា ពេលនេះមីក្រូប្លាស្ទីកកំពុងលុកលុយខួរក្បាលមនុស្ស នេះអាចជះឥទ្ធិពលអាក្រក់ដល់សុខភាព និងស្ថានភាពផ្លូវចិត្តរបស់មនុស្ស។

ការ​បំពុល​ដោយ​ប្លាស្ទិកគឺ​ជា​បញ្ហា​សាកល​លោក​ទាំងមូល​វា​គ្មាន​ព្រំដែន​កំណត់​​ទេ​។​ ពួក​យើង​បាន​ផលិត​វា ​ហើយ​ក៏​បោះ​វា​ចោល​វិញ​ពាស​ពេញ​ផែនដី​។​ យើង​មិន​ដឹង​ថា​ប្លាស្ទិកទាំងនោះ​បានប៉ើងតាមខ្យល់ចូលទៅ​ក្នុង​សមុទ្រ ហើយ​បន្ត​ចូល​ទៅ​ក្នុង​ចង្វាក់​នៃ​ម្ហូប​អាហារ​របស់​យើង​ទៀតផង​។

មីក្រូប្លាស្ទិក គឺជាភាគល្អិតប្លាស្ទិកដែលមានទំហំតូចជាង 5 មីលីម៉ែត្រ ឬតូចជាងចុងជ័រលុបខ្មៅដៃ ពួកវាអាចត្រូវបានផលិត ឬរបកចេញពីវត្ថុប្លាស្ទិក ខណៈពេលដែល nanoplastics មានទំហំតូចជាង ហើយប្រហែលជាត្រឹមតែប្រភាគនៃទទឹងសរសៃសក់មនុស្សប៉ុណ្ណោះ។

កាសែត Washington Post រាយការណ៍ថា បំណែកប្លាស្ទិកតូចៗ កំពុងជ្រៀតចូលទៅក្នុងរបាំងឈាម និងខួរក្បាលរបស់មនុស្ស។ បរិមាណមីក្រូប្លាស្ទិកនៅក្នុងខួរក្បាល ហាក់ដូចជាកើនឡើងតាមពេលវេលា។ ការរកឃើញនេះបង្ហាញថា នឹងមានកម្ទេចកម្ទីមីក្រូប្លាស្ទិក ៥០ ភាគរយនៅក្នុងខួរក្បាលនៅឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ ២០១៦។

អ្នកវិទ្យាសាស្ត្រក៏បានពិនិត្យខួរក្បាលរបស់អ្នកជំងឺដែលបានស្លាប់ចំនួន 12 នាក់ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេង ហើយបានរកឃើញថាពួកគេមានមីក្រូប្លាស្ទិកច្រើនជាងខួរក្បាលធម្មតាពី 3 ទៅ 5 ដង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា វត្ថុប្លាស្ទិកជាច្រើន ដូចជា ថង់ប្លាស្ទិក ដបទឹក សំបកកង់រថយន្ត និងសម្លៀកបំពាក់ polyester ឬសរសៃសំយោគ ​អាច​ចេញ​មក​ជា​បំណែក​តូចៗ ឬ​សរសៃ​ដែល​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ខ្យល់ អាហារ និង​ទឹក​ជា​ច្រើន​នៃ​ភាគល្អិត​ទាំងនេះ​ត្រូវ​បាន​កប់​ជ្រៅ​ក្នុង​ខ្លួន​មនុស្ស ហើយត្រូវបានគេរកឃើញនៅក្នុងថ្លើម សុក ឈាម ពងស្វាស និងសូម្បីតែសរសៃឈាមមួយចំនួនដែលនាំទៅដល់បេះដូង ។

ហេតុដូច្នេះហើយ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមានប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គឺពិតជាមានសារប្រយោជន៍យ៉ាងធំធេងចំពោះសុខភាពសាធារណៈ និងប្រជាជនយើងពិតប្រាកដមែន ពីព្រោះ គ្រោះថ្នាក់ដែលបណ្តាលមកពីមីក្រូប្លាស្ទិកដូចដែល មតិអ្នក បង្ហាញខាងលើ វាកំពុងបង្កហានីភ័យដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថាន ដែលយើងទាំងអស់គ្នាត្រូវតែផ្តោតយកចិត្តទុកដាក់ និងបន្តប្រយុទ្ធជាមួយវា  ។

ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំថា ការបន្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងនៅតែចងចាំ និងជាទម្លាប់ល្អជានិច្ចចំពោះការចូលរួមពីប្រជាជនខ្មែរទាំងអស់ក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅកាន់មិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីឱ្យសាលារៀនយើង លំនៅឋានយើង ភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក គ្មានមីក្រូប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាពនិងអព្យាក្រឹត្យកាបូន៕

 

ប្រភព naewna

ដោយ Bong SoRith


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម