ត្រាំ ត្រៀមចេញបញ្ជាឈប់ឲ្យប្រើក្រដាស ត្រលប់ទៅឲ្យប្រើ «ថង់ប្លាស្ទិក» វិញ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី09 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 9:27 នាទី ព្រឹក

 

ក្នុងពេលពិភពលោក កំពុងនាំគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បែរជាលោក​ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកកាន់តំណែងទើបបានបីសប្តាហ៍ នឹងចេញបទបញ្ជាឈប់ឲ្យប្រើក្រដាស ងាកមកប្រើប្លាស្ទិកវិញ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់ការជំរុញដ៏គួរឱ្យអស់សំណើចរបស់លោក បៃដេន សម្រាប់ការប្រើក្រដាស តែវាមិនដំណើរការ ហើយឲ្យមនុស្សអាមេរិកគ្រប់គ្នា «ត្រលប់ទៅប្រើចំបើងប្លាស្ទិក» វិញម្តង ។

មុននេះ រដ្ឋបាលអាមេរិកដែលដឹកនាំដោយលោក ចូ បៃដេន បានប្រកាសថា រដ្ឋាភិបាលសហព័ន្ធ ដែលជាអ្នកទិញទំនិញប្រើប្រាស់ធំជាងគេរបស់ពិភពលោកនឹងបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកនៅក្នុងអគារ និងទីភ្នាក់ងារនានា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយសង្ឃឹមថាវានឹងជួយលើកទឹកចិត្តរដ្ឋផ្សេងទៀត រួមទាំងវិស័យឯកជនដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្លាស្ទិកប្រើតែមួយដង។

ទោះ​ជា​យ៉ាង​ណា គណបក្ស​សាធារណរដ្ឋ​បាន​ប្រឆាំង​នឹង​វិធានការ​នេះ ពួកគេអះអាងថា ក្រដាសរលាយលឿននៅពេលប្រើ មិនពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់ភេសជ្ជៈ ជាពិសេស លោកប្រធានាធិបតី ត្រាំ បាននិយាយយ៉ាងខ្លាំងអំពីការមិនពេញចិត្តរបស់លោកចំពោះការប្រើក្រដាស ។

នៅពេលណាដែល ត្រាំ ចុះហត្ថលេខាលើបទបញ្ជា​នេះ ​នឹង​មាន​ឥទ្ធិពល​ផ្លូវ​ច្បាប់​សម្រាប់​រដ្ឋ​មួយ​ចំនួន។ បច្ចុប្បន្ននេះ ប្លាស្ទិកប្រើតែមួយដងត្រូវបានហាមឃាត់ ឬដាក់កម្រិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខូឡូរ៉ាដូ ញូវយ៉ក រដ្ឋ Maine រដ្ឋ Oregon រដ្ឋ Vermont កោះ Rhode និងវ៉ាស៊ីនតោន ជាពិសេសរដ្ឋដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដូចជារដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក ជាដើម ។ មានច្បាប់តឹងរឹងដែលដាក់កម្រិតលើការប្រើប្រាស់ប្លាស្ទិកប្រើតែមួយដងក្នុងភោជនីយដ្ឋាន លុះត្រាតែមានការស្នើសុំពីអតិថិជន ។

ខណៈពេលដែលការលុបបំបាត់វិធានការ «ក្រដាស» ទំនងជាផ្តល់ផលប្រយោជន៍ដល់ឧស្សាហកម្មប្រេង ដោយសារប្លាស្ទិកស្ទើរតែទាំងអស់ត្រូវបានផលិតចេញពីផលិតផលប្រេង។ ត្រាំ បានកំណត់គោលដៅឧស្សាហកម្មនេះ ដើម្បីជាមូលនិធិដល់ការបោះឆ្នោត ដោយសន្យាលុបចោលបទប្បញ្ញត្តិបរិស្ថាន ដូចដែលគាត់បានស្នើសុំឱ្យពួកគេបរិច្ចាគ 1 ពាន់លានដុល្លារដល់យុទ្ធនាការរកសំលេងឆ្នោតរបស់គាត់ ៕

ប្រភព springnews

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម