នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យស៊េអូល (UOS) ដែលដឹកនាំដោយ Prof. Jea-teuk Chin ប្រធានសាស្រ្តចារ្យសាលាក្រោយឧត្តមការរៀបចំផែនការ និងអភិវឌ្ឍន៍ទីក្រុង នៃUOS ដើម្បីចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍ ស្តីពីទិដ្ឋភាពគោលនយោបាយបរិស្ថានប្រកបដោយចីរភាពបរិស្ថាននៅកម្ពុជា។
កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពី លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតងនិងមន្ត្រីនាយកដ្ឋានសេដ្ឋកិច្ចបៃតង ថ្នាក់ដឹកនាំនិងមន្រ្តីនាយដ្ឋានប្រែប្រួលអាកាសធាតុ តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោកស្រី អ៊ាង និធិជ្ជនី ដឺណេ នាយិការប្រតិបត្តិ នៃអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ព្រមទាំងនិស្សិត នៃ UOS សរុប ២១រូប ក្នុងនោះស្រ្តីចំនួន ១០រូប។
កិច្ចប្រជុំនេះមានគោលបំណង៖ ១-សិក្សាស្វែងយល់ពីគោលនយោបាយវិស័យបរិស្ថាន រួមទាំងការងារពាក់ព័ន្ធ ២-ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងគោលនយោបាយនិរន្តរភាពបរិស្ថាន ៣-ស្វែងយល់អំពីទិដ្ឋភាពគោលនយោបាយនិងយុទ្ធសាស្ត្រ បញ្ហាប្រឈម និងឱកាសនានាក្នុងវិស័យបរិស្ថាន រួមទាំងការងារអាទិភាពក្នុងវិស័យបរិស្ថាននៅកម្ពុជា និង ៤-ស្វែងរកកិច្ចសហការប្រកបដោយសក្តានុពលនាពេលអនាគតរវាងភាគីទាំងពីរ។
កិច្ចប្រជុំនេះទទួលបាន លទ្ធផលដូចខាងក្រោម៖
១- Prof. Jea-teuk Chin បានបង្ហាញអំពីគោលបំណង នៃកិច្ចពិភាក្សា និងសាវតាររបស់កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញអភិវឌ្ឍន៍ក្រុង អភិវឌ្ឍន៍ហេដ្ឋារចនារសម្ព័ន្ធ និងគោលនយោបាយបរិស្ថាន នៃ UOS និងឱកាសអាហាររូបករណ៍សម្រាប់មន្រ្តីនៃក្រសួងបរិស្ថាន។
២- ឯកឧត្តម ស៊ុ ធី បានសម្តែងស្វាគមន៍នូវកិច្ចសហការកន្លងមករវាងក្រសួង និង UOS សម្រាប់កម្មវិធីកសាងសមត្ថភាពជាស៊េរីដល់សមាជិកក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព រយៈពេល៣(បី)ឆ្នាំ (២០២៣-២០២៥) និងស្នើសុំឱ្យ UOS បន្តផ្តល់នូវអាហាររូបករណ៍ និងការគាំទ្រដល់ក្រសួងបរិស្ថានលើការកសាងសម្ថភាពដល់មន្រ្តីរាជការ។ ឯកឧត្តម បានលើកឡើងផងដែរអំពីការងារសំខាន់ៗដែលក្រសួងបរិស្ថានបាន និងកំពុងអនុវត្តដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍ដោយចីរភាព និងកាត់បន្ថយការបញ្ចេញនៅឧស្ម័ន្នផ្ទះកញ្ចក់ រួមមាន៖ ១- យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ២- យុទ្ធនារការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង ៣- យុទ្ធនាការ “ពន្លកបៃតង” ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ និងមានសុក្រឹត្យកម្មបរិស្ថានកិច្ច។
៣- សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យស៊េអូល (UOS) បានស្វែងយល់កាន់តែស៊ីជម្រៅ អំពីទិដ្ឋភាពគោលនយោបាយនិងយុទ្ធសាស្ត្រ បញ្ហាប្រឈម និងឱកាសនានាក្នុងវិស័យបរិស្ថាន រួមទាំងការងារអាទិភាពក្នុងវិស័យបរិស្ថាននៅកម្ពុជាក្នុងការឆ្លើយតបទៅការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តចក្រក្រាវិស័យបរិស្ថាន (ស្អាត បៃតង និងចីរភាព) តាមរយៈបទបង្ហាញរបស់ លោក ឃឹមសណ្តាប់ អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង។
៤- តំណាងនិស្សិត នៃ UOS បានចែករំលែកបទពិសោធន៍ និងគម្រោងអនុវត្តន៍ជោគជ័យមួយចំនួនរបស់ប្រទេសកូរ៉េ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ដែលបញ្ជេញកាបូន ទាប (Zero CO2 emission) និងការងារការអភិវឌ្បន៍បៃតងដែលប្រទេសកូរ៉េបានអនុវត្តដោយជោគជ័យ។
៥- ភាគី UOS នឹងពិនិត្យលទ្ធភាពលើការងារអាទិភាពក្នុងវិស័យបរិស្ថាននៅកម្ពុជារួមមាន៖ ការងារលើកកម្ពស់លំហបៃតង អគារបៃតង និងការគ្រប់គុណភាពទឹក ដើម្បីរកកិច្ចសហការប្រកបដោយសក្តានុពលនាពេលអនាគតរវាងភាគីទាំងពីរ ៕