ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញបិទសិក្ខាសាលាស្តីពីការ​ផ្សព្វផ្សាយ​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ​

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 9:13 នាទី ព្រឹក

 

អង្គ​សិក្ខាសាលា​ បាន​ប្រព្រឹត្ត​ទៅពេញមួយថ្ងៃ ​នៅថ្ងៃទី ១៥  ខែកុម្ភៈ​ ឆ្នាំ​២០២៥​  ដែលមាន​ការ​អញ្ជើញ​ជាអធិបតី​បើក​សិក្ខាសាលា​ស្តីពីការ​ផ្សព្វផ្សាយ​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ​ ដោយ​ ឯកឧត្ដម​ សុខ​ ចាន់​ភក្ដី​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​មាន​ការចូលរួម​ពី លោកជំទាវ​ មាស​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ និង​មន្រ្ដី​រាជការ​ មន្ទីរ​ពាក់ព័ន្ធ​ និង​សិក្ខាកាម​សរុប​ចំនួន​ ៤៣២​ នាក់​ ក្នុងនោះ​ ស្រី​ ៦៥នាក់​ ប្រុស​ ៣៦៧​នាក់។

ពីធីបន្ទាប់មក វាគ្មិន​កិត្តិយស​បាន​ធ្វើបទបង្ហាញ​ តាម​របៀបវារៈ​កម្មវិធី​៖

១.​ បទ​បង្ហាញ​ស្ដីពី​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​មូលដ្ឋានគ្រឹះ​សរសេរ​ព័ត៌មាន​ ក្នុង​សម័យ​ឌីជីថល​ ដោយ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​

២.​ ការអាន​សេចក្ដី​ណែនាំ​ លេខ​ ០៧៤​ សណន​ របស់​ក្រសួង​មហាផ្ទៃ​ ដោយ​លោក​ ធីន​ ស៊ីថាច​ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​

៣.​ បទបង្ហាញ​ស្ដីពី​ ការកែច្នៃ​សំណល់​សំរាម​ ទៅជា​ពហុបំណង​ ដោយ​ លោក​ ស៊ី​ ឡែន​ អគ្គនាយក​ ក្រុមហ៊ុន​ សេវ​ ឌឹឡហ្វស៍​ ខេមបូឌា​

៤.​ បទបង្ហាញ​ ស្ដីពី​ សមិទ្ធផល​ និង​ការអភិវឌ្ឍន័​ខេត្ត​ត្បូងឃ្មុំ​ ដោយ​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រងខេត្ដ​ត្បូងឃ្មុំ​

៥.​ បទ​បង្ហាញ​ស្ដីពី​ វិស័យ​បរិស្ថាន​ ដោយ​ លោកជំទាវ​ មាន​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និង

៦.​ នៅ​ពេល​រសៀល​ វេទិកា​ ស្ដីពី​ អ្នកសារព័ត៌មាន​ មន្ដ្រី​រាជការ​ថ្នាក់មូលដ្ឋាន​ គប្បី​យល់ដឹង​ ពីការ​បម្រែបម្រួល​អាកាសធាតុ​ និងបញ្ហា​​ខ្យល់​កខ្វក់​ ដឹកនាំ​ដោយ​ លោកជំទាវ​ មាស​ ច័ន្ទ​ធី​តា​ និង​វាគ្មិន​កិត្តិយស​ចំនួន​ ០៤រូប​ទៀត។

ជាលទ្ធផល​ សិក្ខាកាម​ទទួលបាន​ចំណេះដឹង​ និង​យល់​ដឹងពី​វិស័យ​បតិស្ថានបាន​ច្បាស់​ និង​បាន​ប្ដេជ្ញា​ចិត្ត​ ព្រមទាំង​ចូលរួម​នូវ​ យុទ្ធនាការ​ទាំងបី​ ជាពិសេស​ បាន​ស្វែងយល់​អំពី​បញ្ហា​គុណភាព​ខ្យល់​ កត្ដា​នៃផលប៉ះពាល់​ លើវិស័យ​បរិស្ថាន​ ក្រោម​បទឧទ្ទេសនាមដោយលោក​ជំទាវ​ មាស​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​។

នៅរសៀល​ម៉ោង​ ៤:០០នាទី​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ជាអធិបតី​ភាព​បិទ​សិក្ខាសាលា​ រួមទាំង​មានវត្តមាន​ លោកជំទាវ​ មាស​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ ឯកឧត្ដម​ម៉ៅ​ ឌុង​ អភិបាល​រង​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ មន្ត្រី​រដ្ឋបាល​ខេត្ត​ ប្រធាន​មន្ទីរ​ អភិបាល​ស្រុក​ទាំង៣​ និង​មាន​សិក្ខាកាម​សរុប​ចំនួន​ ៤៣២នាក់​ ក្រោយ​ពេល​បិទ​បញ្ចប់​ ក៏បាន​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ជូន​ដល់​សិក្ខាកាម​ផងដែរ​ ។

ឯកឧត្តម ង៉ូវ បូរីណា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងទៅអនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាន ព្រោះអ្នកសារព័ត៌មានជាអ្នកនាំសារដ៏ពូកែ​ នាំព័ត៌មានផ្សេងៗ រួមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាជនទៅកាន់រាជរដ្ឋាភិបាលវិញ ហើយត្រូវរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។

ជាមួយគ្នានេះ ឯកឧត្តម ង៉ូវ បូរីណា បានលើកឡើងពី «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលក្រសួងព័ត៌មានបង្កើតឡើង គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួម សម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ។

ឯកឧត្តមថា ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួនអ្នកសារព័ត៌មាន និងសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន។ ជាមួយនេះអ្នកសារព័ត៌មានត្រូវតែស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនយើងមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះ ឬធ្វើនោះបានដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម