នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរសារនៅលើផេកហ្វេសប៊ុករបស់សម្តេច អំពីករណីបណ្ឌិត សុខ ទូច ប៉ះនគរបាលចរាចរណ៍ ។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម ។
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបិលប្រហុកដើម្បីទាញទម្លាក់បណ្ឌិត សុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ក៏ប្រឹងថែមទឹកត្រី និងប៊ីចេង ដើម្បីវាយប្រហារនគរបាលចរាចរណ៍។
តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការណ៍នេះ? គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។
ខ្ញុំសូមបងប្អូនជនរួមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធ សូមបញ្ចប់រឿងនេះត្រឹមនេះតាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន។
សង្ឃឹមថាអ្នកថែមអំបិលប្រហុក ទឹកត្រី ប៊ីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។ បើលុបសារនោះចោលខ្លួនឯងជាការល្អព្រោះខ្ញុំបានមើលរួចហើយ៕