អ្នកវិភាគជាច្រើនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដើម្បីកាត់បន្ថយការពឹងផ្អែកយូរអង្វែងលើយុទ្ធោបករណ៍ពីរុស្ស៊ី កំពុងបានទទួលជោគជ័យ បន្ទាប់ពីរដ្ឋាភិបាលក្រុងញូវដែលីងាកទៅលេងចូលសម្ព័ន្ធមិត្តលោកខាងលិចជាថ្មីរបស់ខ្លួន ហើយឧស្សាហកម្មសព្វាវុធក្នុងស្រុកក៏កំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ។
ក្នុងកំឡុងពេលដែលក្រុមឧស្សាហកម្ម និងយោធារបស់រដឋាភិបាលក្រុងម៉ូស្គូ ជាប់រវល់ជាមួយសង្គ្រាមនៅអ៊ុយក្រែន ឥណ្ឌាកំពុង«សម្រួចចង្កូម ពង្រឹងក្រញាំ» ដល់ការធ្វើទំនើបកម្មយោធារបស់ខ្លួន ជាមួយនឹងការកើនឡើងនូវភាពតានតឹងជាមួយប្រទេសជិតខាងរបស់ខ្លួនគឺប្រទេសចិន ជាពិសេសចាប់តាំងពីការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរបណ្តាលឲ្យមានបា.ត់ប.ង់ជី.វិត និងរបួសរៀងៗខ្លួនក្នុងឆ្នាំ ២០២០ ។
ដោយវិធីនេះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានបញ្ជាក់កាលពីឆ្នាំមុនថា ឥណ្ឌាក្លាយជាប្រទេសនាំចូលអាវុធធំបំផុតរបស់ពិភពលោក ជាមួយនឹងការបញ្ជាទិញកើនឡើងជាបន្តបន្ទាប់ ដែលស្មើនឹងជិត 10% នៃការនាំចូលសព្វាវុធសកលសរុបក្នុងឆ្នាំ 2019-2023 ។ ឥណ្ឌាក៏មានបញ្ជាទិញអាវុធយ៉ាងច្រើនពីសហរដ្ឋអាមេរិក បារាំង អ៊ីស្រាអែល និងអាល្លឺម៉ង់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ក្នុងតម្លៃសរុបរាប់សិបពាន់លានដុល្លារអាមេរិកផងដែរ ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh នៅតែអះអាងថានឹងចុះហត្ថលេខាលើកិច្ចសន្យា លើយុទ្ធោករណ៍យោធាក្នុងស្រុក យ៉ាងហោចណាស់ 100 លានដុល្លារអាមេរិក នៅឆ្នាំ 2033 ដើម្បីជំរុញការផលិតអាវុធក្នុងស្រុក។
ការខិតខំប្រឹងប្រែងរបស់ឥណ្ឌា នៅតែទទួលបានភាពជោគជ័យគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងទសវត្សរ៍នេះ ដោយបានបើករោងចក្រផលិតឧទ្ធម្ភាគចក្រថ្មីដ៏ធំ រួមទាំងការបើកដំណើរការនាវាផ្ទុកយន្តហោះដែលផលិតក្នុងស្រុកដំបូងគេ និងបានសាកល្បងដោយជោគជ័យនូវកាំជ្រួច Hypersonic រយៈចម្ងាយឆ្ងាយទៀតផង ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ឥណ្ឌាបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសលោកខាងលិចជាច្រើន រួមទាំងសម្ព័ន្ធភាព «Quad» ជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។ ប្រការនេះបានជួយឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗក្នុងការនាំចូល និងផលិតយន្តហោះគ្មានមនុស្សបើកយោធា នាវាចម្បាំង យន្តហោះចម្បាំង និងឧបករណ៍យោធាក្នុងស្រុកផ្សេងទៀត រួមជាមួយនឹងផ្គត់ផ្គង់មកពីប្រទេសលោកខាងលិចផង ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងញូវដែលីកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពល្អិតល្អន់ ក្នុងអំឡុងពេលទំនាក់ទំនងកាន់តែក្តៅគគុកជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូ ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេសលោកខាងលិច ប៉ុន្តែលោក Gokhale បាននិយាយថា ឥណ្ឌាក៏មិនអាចបោះបង់ទំនាក់ទំនងជាមួយរុស្ស៊ីបានដែរ ។ វាអាចមើលឃើញយ៉ាងច្បាស់ ឥណ្ឌាធ្វើពិពិធកម្មហានិភ័យដោយការទទួលបានអាវុធពីប្រទេសផ្សេងទៀត ប៉ុន្តែនៅតែ លោក Gokhale បានបញ្ចប់ថា៖ «រុស្ស៊ីនៅតែជាដៃគូសំខាន់ និងអាចទុកចិត្តបាន ៕