តើ GDP ប្រទេសអាស៊ានណាខ្លះកើនឡើង? កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ មានកំណើនរឹងមាំ!

សេដ្ឋកិច្ចថ្ងៃអាទិត្យ ទី23 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 12:44 នាទី ល្ងាច

 

ដោយ សូរ្យរិទ្ធ

 

កាសែត springnews របស់ថៃ ស្រង់ពីពីការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រាយការណ៍ថា សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​2024 ​​មាន​កំណើន​ 2.5% យឺត​ជាង​ប្រទេសក្នុងអាស៊ាន​ដទៃទៀត ។ ចំណែកការព្យាករណ៍ក្នុង​ឆ្នាំ2025 ​គេ​រំពឹង​ថា​នឹង​កើនឡើងត្រឹម​ 2.8% ប៉ុន្តែ​នឹង​នៅ​តែ​យឺត​ជាង​ប្រទេស​ជិតខាង​ដូច​ជា​វៀតណាម ហ្វីលីពីន និង​កម្ពុជា ។

ប្រទេសវៀតណាមកើនឡើង 6.4% ក្នុងឆ្នាំ 2024 និងត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 6.6% ក្នុងឆ្នាំ 2025។ ប្រទេសហ្វីលីពីនកើនឡើង 6.0% និងត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 6.2% នៅឆ្នាំក្រោយ ។

ចំណែកកម្ពុជា ក៏បានបង្ហាញពីកំណើនដ៏រឹងមាំផងដែរ គឺ 6.0% ទាំងនៅក្នុងឆ្នាំ 2024 និង 2025។ ប្រទេសម៉ាឡេស៊ីបានកើនឡើង 5.0% ក្នុងឆ្នាំ 2024 ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្តិច 4.6% នៅឆ្នាំ 2025 ។ ខណៈដែលប្រទេសឡាវកើនឡើង 4.5% និងធ្លាក់ចុះបន្តិចនៅត្រឹម 4.3% ។ ប្រទេសមីយ៉ាន់ម៉ាមានកំណើនទាបបំផុតក្នុងក្រុម ត្រឹម 2.3% ក្នុងឆ្នាំ 2024 និង 2.2% ក្នុងឆ្នាំ 2025។

បើប្រៀបធៀបជាមួយប្រទេស វៀតណាម ហ្វីលីពីន និង កម្ពុជា សេដ្ឋកិច្ចថៃ កើនទាបជាង ៣ ដង ។

កត្តា​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ថៃ​មាន​កំណើន​សេដ្ឋកិច្ច​យឺត​ជាង​ប្រទេស​ដទៃ​ទៀត​គឺ​ ការវិនិយោគឯកជនបានបន្តធ្លាក់ចុះជាមួយនឹងការធ្លាក់ចុះ 1.6% ក្នុងឆ្នាំ 2024 ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ចតាមរយៈការពង្រីកការវិនិយោគ 4.8% និងកំណើនការចំណាយរបស់រដ្ឋាភិបាល 2.5% ក៏ដោយ។

ម៉្យាងវិញទៀត ប្រទេសវៀតណាម និងហ្វីលីពីន បានទទួលផលប្រយោជន៍ពីការកើនឡើងជាលំដាប់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសនៅក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យាដែលទាក់ទាញក្រុមហ៊ុនលំដាប់ពិភពលោកឱ្យបង្កើតមូលដ្ឋានផលិតកម្ម។ វៀតណាមទទួលបាន FDI ជាង 369.792 ពាន់លានបាតក្នុងឆមាសទីមួយនៃឆ្នាំ 2024 ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល 5 ឆ្នាំ ដោយជាង 60% នៃការវិនិយោគទៅលើវិស័យអេឡិចត្រូនិក និង semiconductor ។

នៅពេលដែលហ្វីលីពីនពន្លឿនការទាក់ទាញការវិនិយោគបរទេស (FIPMP) និងទាក់ទាញការវិនិយោគបរទេសចំនួន 485.87 ពាន់លានប៉េសូ ក្នុងត្រីមាសទី 3 នៃឆ្នាំ 2024 ។ ប្រទេសទាំងពីរបានក្លាយទៅជាគោលដៅសំខាន់សម្រាប់អ្នកវិនិយោគបរទេសដែលកំពុងស្វែងរកការពង្រីកមូលដ្ឋានផលិតកម្មរបស់ពួកគេនៅក្នុងតំបន់អាស៊ាន។

ទោះបីជាតម្លៃនៃការនាំចេញរបស់ប្រទេសថៃក្នុងឆ្នាំ 2024 នឹងកើនឡើង 5.8% ដែលជាសញ្ញាល្អក៏ដោយ ប៉ុន្តែវានៅតែទាបជាងកំណើនរបស់វៀតណាម ដែលផ្តោតលើការនាំចេញកំពុងពង្រីកយ៉ាងឆាប់រហ័ស លើសពីនេះការនាំចេញរបស់ថៃនៅឆ្នាំ 2025 ត្រូវបានគេរំពឹងថានឹងកើនឡើងត្រឹមតែ 3.5% ដែលឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនៅក្នុងទីផ្សារពិភពលោកដែលមិនទាន់មានភាពច្បាស់លាស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម