«ការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ក៏ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាកាតព្វកិច្ចសីលធម៌របស់អ្នកទាំងអស់គ្នា» នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥ ។
សម្តេចធិបតីបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើ និងការប្រើប្រាស់ពាក្យសម្តីអសីលធម៌ ដោយខ្វះការគោរពចំពោះតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ។ ការអំពាវនាវរបស់សម្តេចធិបតី បានធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា ក្នុងមួយរយៈនេះ មានសកម្មភាព ឬការបញ្ចេញមតិរបស់បុគ្គល បានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ ពោលគឺបាននិយាយឡែបខាយ មើលងាយ មិនឲ្យតម្លៃដល់ស្ត្រី ។ សកម្មភាព និងការនិយាយរបស់បុគ្គលមួយចំនួនបែបនេះ ធ្វើឡើងចង់បានការចាប់អារម្មណ៍ពីអ្នកមើល អ្នកស្តាប់ អ្នក Like ច្រើន ឬអាចចាត់ទុកថាជាការនិយាយលេងសើចធម្មតា តែវាប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ចំពោះ។
សម្តេចធិបតីមានប្រសាសន៍ថា សកម្មភាព ឬពាក្យសម្តីទាំងនោះ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់អាមរ្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដែលត្រូវរងប៉ះពាល់ ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចបានសរសេរសារ អំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ ជាពិសេសយុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្តីជាមួយអ្នកដទៃឲ្យមានការគោរពគ្នាទៅវិញទៅមក និងត្រូវប្រកាន់ខ្ជាប់នូចសីលធម៌ គុណធម៌ និងសេចក្តីថ្នូររបស់ខ្មែរយើងឲ្យសក្តិសមជាប្រជាពលរដ្ឋ ដែលមានអារ្យធម៌ដ៏ល្អខ្ពង់ខ្ពស់ជាយូរលង់មកហើយ ក្នុងសង្គមស៊ីវិល័យ ។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា បើទោះបីជាសកម្មភាពស្របច្បាប់ ការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ក៏ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាកាតព្វកិច្ចសីលធម៌របស់អ្នកទាំងអស់គ្នា និងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខុដុមរមនីយកម្មសង្គម ។
ការអំពាវនាវរបស់សម្តេច ចំពេលនៅសល់ ៤ ថ្ងៃទៀត នឹងឈានដល់ទិវានារីអន្តរជាតិ ៨ មីនា លើកទី ១១៤ ទាំងកម្ពុជា និងពិភពលោក បានរំលេចតម្លៃនិងលើកកម្ពស់ដល់នារីទាំងអស់ក្នុងពិភពលោក ដែលអាចទទួលបានសិទ្ធិ គ្រប់យ៉ាងពេញលេញដូចបុរសដែរ រួមមាន ការគោរពស្ត្រី ស្រឡាញ់ស្ត្រី ការលើកកម្ពស់ស្ត្រីក្នុងសេដ្ឋកិច្ច កាងារនយោបាយ និងការចូលរួម កិច្ចការក្នុងសង្គម រហូតដល់គេចាត់ ទុកស្ត្រី ជាមាតានៃពិភពលោក ៕