លោកជំទាវ ចិន ច័ន្ទមុនី៖ «នារីស័ក្ដិសមនឹងទទួលបានភាពអង់អាច ស្ងើចសរសើរ ការលើកទឹកចិត្ត ផ្ដល់ការគោរព ផ្តល់តម្លៃ ផ្តល់ក្ដីស្រឡាញ់ហូហៀរ និងផ្តល់ក្ដីសុខសន្តិភាពផ្លូវចិត្តនៅក្នុងជីវិត

ព័ត៌មានសង្គមថ្ងៃពុធ ទី05 ខែមិីនា ឆ្នាំ2025 ម៉ោង 1:12 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ:

ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងនៅរដ្ឋបាលខណ្ឌទួលគោក នាថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ ក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនៅឆ្នាំនេះ គឺ« សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដែលផ្តោតសំខាន់ លើការលើកកម្ពស់លទ្ធផលជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តនិងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។

លោកជំទាវ ចិន ច័ន្ទមុនី ឧបការី ប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌទួលគោក តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្កភាពប្រឆាំងអំពើពុករលួយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក ជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ដោយមានសមាសភាពចូលរួម​ ពីលោកជំទាវ កែវ រ័ត្នតារា ប្រធានគណៈកម្មា​ធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ រាជធានីភ្នំពេញ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួល​គោក លោក ម៉ែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌ លោកជំទាវ អាន ផល្លា សមាជិកាសមាគមនារីរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុសាខាសមាគមនារីខណ្ឌទួលគោក ។

លោកជំទាវឧបការី មានប្រសាសន៍ថា «ស្ត្រីត្រូវបានគេស្គាល់ថាជាម្តាយនៃការងារសង្គម ស្ត្រីចូលរួមដោះស្រាយបញ្ហាសង្គមបានច្រើនណាស់ ជាពិសេសការរងផលប៉ះពាល់ដល់ស្ត្រី ។ នាពេលបច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលកំពុងវិវត្តន៍ខ្លួនពីប្រទេសកំពុងអភិវឌ្ឍន៍ ឆ្ពោះទៅប្រទេសអភិវឌ្ឍមួយដូចបណ្តាប្រទេសនានានៅលើពិភពលោកដែរ ហើយនៅក្នុងការប្រតិបត្តិលើគ្រប់វិស័យ កម្ពុជាបាននិងកំពុងលើកកម្ពស់ការយល់ដឹងសង្គមដល់ប្រជាពលរដ្ឋទាំងពីរភេទ ពិសេស​ស្ត្រីនិងកុមារក្នុងការផ្តល់នូវភាពក្លាហានដល់យេនឌ័រក្នុងការបំពេញភារកិច្ចរបស់ខ្លួន មានការរីកចម្រើនគួរឱ្យ​កត់សម្គាល់ និងជាទីមោទកៈផងដែរ។ យ៉ាងណាមិញ ការផ្តល់ភាពក្លាហានចំពោះស្ត្រីនៅក្នុងប្រទេសកម្ពុជា គឺស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ទើរគ្រប់វិស័យ ដែលស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមកម្ពុជាមិនអាចខ្វះបាន»

លោកជំទាវ ឧបការី បានបន្ថែមថា «ការរួមចំណែកអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិរបស់ខ្លួន ត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងពង្រឹង និងពង្រីកការយកចិត្តទុកដាក់បន្ថែមទៀតចំពោះស្ត្រី និងកុមារ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងថាមពលខ្លាំងក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់ បន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ការគាំទ្រ ផ្តល់សិទ្ធិអំណាច តួនាទី ចូលរួមនៅក្នុងសង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ» ។

សព្វថ្ងៃក្រៅពីវិស័យសេដ្ឋកិច្ច ស្ត្រីខ្មែរបានចូលប្រឡូកស្ទើរគ្រប់វិស័យ ដោយឡែកវិស័យនយោបាយ ដែលបានបង្ហាញតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក គឺ គណបក្សនយោបាយនីមួយៗបានចាប់អារម្មណ៍ និងផ្តល់ឱកាសឱ្យស្ត្រីក្លាយជាបេក្ខជន ហើយរាជរដ្ឋាភិបាលសព្វថ្ងៃក៏បានលើកបង្ហាញពីតម្លៃ ពីប្រភព និងការចូលរួមចំណែករបស់ស្ត្រីផងដែរ ។ ពីបច្ចុប្បន្នភាព ស្ត្រីសព្វថ្ងៃបានទទួលការគាំពារពីរាជរដ្ឋាភិបាលខ្លាំងក្លា និង ផ្តល់តម្រូវការរបស់ស្ត្រីក្នុងការទទួលបានសេវាសង្គមជាមូលដ្ឋាន ប្រកបដោយគុណភាព សមធម៌ ។

ដូច្នេះ ការប្រារព្ធទិវានារីអន្តរជាតិ គឺចង់ផ្ដល់ឱ្យតម្លៃ និងប្រគល់ភាពក្លាហានអង់អាចចំពោះនារីទាំងអស់ ព្រោះនារីពិតជាឈានមុខទាំងការសិក្សា ស្វះស្វែងរកចំណេះដឹង ចែករំលែកចំណេះដឹង អភិវឌ្ឍគំនិត ថែរូបសម្រស់ និងធ្វើគ្រប់បែប​យ៉ាងសម្រាប់ជីវិតគ្រួសារ និងជីវិតសង្គម ។ ទន្ទឹមគ្នានេះ នារីស័ក្ដិសមនឹងទទួលបានការសរសើរដ៏ពិតប្រាកដ ការលើកទឹកចិត្ត ផ្ដល់តម្លៃ ក្ដីស្រឡាញ់ហូហៀរ ក្ដីសុខសន្តិភាពផ្លូវចិត្តនៅក្នុងជីវិត ហើយនឹងផ្ដល់ឱ្យវិញលើសពីការរំពឹងទុករបស់យើង គឺពួកគាត់អាចផ្ដល់ក្ដីស្រឡាញ់ដល់គ្រួសារ ក៏ដូចជាសង្គមខាងក្រៅ និងនៅលើពិភពលោក ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម