ជាការឆ្លើយតបទៅនឹងអត្ថបទនិយាយដ៏រវើរវាយមួយរបស់អាស៊ីសេរី (RFA) ដែលស្រង់ពីហ្វេសប៊ុកយកមកផ្សាយ ស្តីពីសកម្មជនព្រៃឈើលោក អ៊ុក ម៉ៅ ក៏ដូចលោក សេង សុខហេង ស្នើដល់អ្នកពាក់ព័ន្ធ និងក្រសួងបរិស្ថាន កុំរឹតត្បិត និងសុំផ្ដល់លំហសិទ្ធិសេរីភាពពេញលេញ ដល់យុវជន សកម្មជន និងសហគមន៍មូលដ្ឋាន ចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិព្រៃឈើ ។
បើនិយាយពីការផ្តល់សិទ្ធិ និងបើកចំហសេរីភាពដល់ប្រជាសហគមន៍នានាក្នុងការការពារធនធានធម្មជាតិ មិនមែនទើបតែមានឥឡូវនេះទេ គឺតាំងពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីមកម៉្លេះ រហូតមកដល់អាណត្តិទី ៧ នៃរដ្ឋសភា ដែលមានក្រសួងបរិស្ថានជាប្រតិបត្តិករ បានផ្ដល់ឱកាស និង បើកលំហសិទ្ធិទូលំទូលាយបន្ថែមទៀតដល់ប្រជាពលរដ្ឋសហគមន៍ ក្នុងការចូលរួមការពារ និងថែរក្សាធនធានធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួន ។ ក្រសួងបរិស្ថាន ចាត់ទុកការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះសម្រេចលទ្ធផលល្អទៅបាន ក៏ដោយសារតាមរយៈសហគមន៍តំបន់ការពារធម្មជាតិ ដែលជាយន្តការមួយមានប្រសិទ្ធភាព និងរួមចំណែកយ៉ាងសំខាន់ ជួយទប់ស្កាត់ការបាត់បង់ ការរិចរឹលព្រៃឈើ និងការអភិរក្សធនធានធម្មជាតិ រួមទាំងការដាំស្តារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង ជួយដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ។
ម្យ៉ាងមិញទៀត ក្រសួងបរិស្ថាន បានសម្រួចឆន្ទៈបង្កើត និងកំពុងរុញយុទ្ធនាការ «ពន្លកបៃតង» ជាមួយសហគមន៍ការពារធម្មជាតិ សរុបចំនួន១៩៣ សហគមន៍ឯណោះ ដោយតភ្ជាប់គោលដៅកម្សាន្តរបស់អ្នកទេសចរណ៍ នៅតាមសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ នៅលើខ្នងភ្នំគូលែន ដែលផ្តោតលើការរៀបចំ សម្បទាទេសចរណ៍ ដើម្បីជួយបង្កើនចំណូលរបស់ពួកគាត់ផងដែរ ស្របនឹងចលនាឲ្យពួកគាត់ចូលរួមការពារដោយផ្ទាល់នៅនឹងសហគមន៍ ដើម្បីការពារព្រៃឈើរបស់ពួកគាត់តែម្តងផង ។
គោលបំណងចម្បងមួយទៀតរបស់ក្រសួងបរិស្ថាន គឺបានខ្នះខ្នែងជួយឲ្យសហគមន៍តំបន់ការពារធម្មជាតិ ឲ្យមានឱកាសចូលរួមចំណែកលើកកម្ពស់សិទ្ធិរស់នៅ ផ្តល់អភិបាលកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ និងក្របខណ្ឌច្បាប់ពេញលេញ ក្នុងការទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រកបដោយសមធម៌ ព្រមទាំងការចិញ្ជឹមជីវិត ធានាសន្តិសុខស្បៀង ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅ បានសាងសង់កន្លែងសម្រាកលំហែបៃតងចំនួន១០ កន្លែង និងជួយសាងសង់នៅកន្លែងផ្សេងទៀតជាបន្តបន្ទាប់ ជូនសហគមន័តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ដែលជាសហគមន៍មួយស្ថិតក្នុងរបៀងលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ ប្រពៃណី ដែលជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យប្រជាសហគមន៍ យកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វ ក៏ដូចជាសិក្សាស្រាវជ្រាវបន្ថែមនូវជំនាញវិជ្ជាជីវៈ ដើម្បីភាពប្រសើរនៃសហគមន៍ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការបន្តពង្រឹង លទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ស្របតាមទិសដៅគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។
ក្រសួងបរិស្ថាននៅមានចក្ខុវិស័យជាច្រើនទៀតត្រូវប្រតិបត្តិ ដែលនឹងផ្តោតសំខាន់ដល់ការរស់នៅក្នុងភាពសុខុដុមរមនីយកម្មដល់សហគមន៍មូលដ្ឋាន ដើម្បីឲ្យសហគមន៍ធ្វើជាដៃគូ ក្នុងការចូលរួមអភិរក្សនិងការពារធនធានធម្មជាតិរបស់យើង ៕