ការដាក់អន្ទាក់ចាប់សត្វព្រៃ ជាអាវុធសម្លាប់សត្វពព្រៃដោយមិនរើសមុខ និងយ៉ាងស្ងាត់ស្ងៀម! ចូលរួមទាំងអស់គ្នា ឈប់បរបាញ់ ឈប់អន្ទាក់ ឈប់ជួញដូរ និងឈប់បរិភោគសត្វព្រៃ គឺជាប្រការដ៏សំខាន់ដើម្បីអភិរក្សសត្វ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែមិីនា ឆ្នាំ2025 ម៉ោង 10:20 នាទី ព្រឹក

 

ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វដោយប្រើប្រាស់ឧបករណ៍ផ្សេងៗខុសច្បាប់ គឺជាកត្តាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលកំពុងតែកើតមានឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ និងគំរាមកំហែងជីវៈចម្រុះ ។ បញ្ហានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញបទបញ្ជាយ៉ាងក្តៅក្នុងការការពារសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ ដែលចាំបាច់គ្រប់ភាគីទាំងអស់ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល ប្រជាពលរដ្ឋ និងសហគមន៍ រួមគ្នាបំបាត់បទល្មើសដាក់អន្ទាក់ ការជួញដូរ និងបរិភោគសាច់សត្វព្រៃខុសច្បាប់ ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ។

ការដាក់អន្ទាក់ចាប់សត្វព្រៃ ដាក់មង លបចាប់សត្វស្លាប វាជាអាវុធសម្លាប់រាល់សត្វព្រៃដោយមិនរើសមុខ និងយ៉ាងស្ងៀមស្ងាត់បំផុត ចាប់តាំងពីសត្វអណ្តើក ស្វា ដំរី ពង្រូល ទន្សោង ឈ្លូស និងបក្សី ។ល។ ដែលនឹងបណ្តាលឲ្យទទួលរងការគំរាមកំហែងផុតពូជដោយសារតែអន្ទាក់។ អ្នកប្រមាញ់ដោយមធ្យោបាយដាក់អន្ទាក់ ទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលខ្លីបំផុតប៉ុណ្ណោះ ប៉ុន្តែចំពោះអ្នកដទៃនៅក្នុងសហគមន៍ ជារួមប្រទេសទទួលរងនូវការបាត់បង់យូរអង្វែង។ អន្ទាក់បានគំរាមកំហែងដល់ប្រាក់ចំណូល ដែលទទួលបានតាមរយៈការលក់ឥណទានកាបូន ដែលជាការរួមចំណែកមួយសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងទេសចរណ៍ធម្មជាតិដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទ ឬសហគមន៍ និងបានបំផ្លាញការប្រកបរបរអាជីវកម្ម និងឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសាររបស់ប្រជាសហគមន៍ស្លូតត្រង់ផងដែរ ។ អន្ទាក់ប្រៀបដូចជាគ្រាប់មីនមិនទាន់ផ្ទុះ ពីព្រោះវាសម្លាប់មិនរើសមុខនោះឡើយ ។

ការបញ្ឈប់ឱ្យបានទាំងស្រុង នូវការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃ ការជួញដូរនិងបរិភោគសត្វព្រៃ គឺជាប្រការដ៏សំខាន់ និងបន្ទាន់ ដើម្បីអភិរក្សសត្វរបស់ប្រទេសយើង ទាន់យើងនៅមានឱកាស ត្រូវយកមុខព្រួញ អប់រំ បង្ការទប់ស្កាត់បញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យងាកមកចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃដ៏កម្រនិងមានតម្លៃ សម្រាប់កូនចៅយើងជំនាន់ក្រោយ ។

ឧទ្យានុរក្ស អាជ្ញាធរខេត្ត-ស្រុក-ឃុំ និងសហគមន៍តំបន់ការពារធម្មជាតិផ្ទាល់ ជាតួអង្គសំខាន់ណាស់ ក្នុងការទប់ស្កាត់ការពារសត្វព្រៃ និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋស្តីពីសារសំខាន់ និងតម្លៃនៃការអភិរក្សសត្វព្រៃ ។

ជាក់ស្តែងដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតសហគមន៍អេកូទេសចរណ៍ ជីផាត នៅថ្ងៃទី ៥ ខែមីនា ២០២៥ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅចំណុចនិយាមកា (០៣៣៨០៤៣-១២៧០៦១៥ ) បានដោះអន្ទាក់ចាប់សត្វព្រៃចំនួន ៥៤ខ្សែរបស់ជនអគតិ ដែលស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ចំពោះវត្ថុតាងក្រុមកាងារបានយកមករក្សាទុកនៅស្នាក់ការល្បាតសហគមន៍អេកូទេសចរណ៍ជីផាត ។

-នៅដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ទឹងព្រាត់ កម្លាំងមន្រ្តីឧទ្យានុរក្ស ក៏បានដោះអន្ទាក់ចាប់សត្វព្រៃបានចំនួន ១៥៦ខ្សែ អញ្ញាតជន ស្ថិតនៅភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ចំពោះវត្ថុតាងក្រុមកាងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ទឹងព្រាត់។

-ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការសាអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១២ខ្សែ អញ្ញាតជន ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង ។

ដូច្នេះការការពារសត្វព្រៃ ត្រូវបង្កើនការយល់ដឹង និងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីផលប៉ះពាល់ ឈានទៅរកហានីភ័យពីការដាក់អន្ទាក់លើសត្វព្រៃ យើងប្រឆាំងដាច់ខាតការបរិភោគសត្វព្រៃ និងក៏ត្រូវបើកចិត្តគាំទ្រកិច្ចខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន លើការងារអភិរក្សសត្វព្រៃទាំងអស់ផងដែរ ៕

 

អត្ថបទ សូរ្យរិទ្ធ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម