ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទីព្រឹក ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងចំនួន២ រវាងក្រសួងយុត្តិធម៌ និងក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណុះក្រសួង និងមន្ត្រីពាក់ព័ន្ធ សរុប ៤៥រូប នៅសាលប្រជុំ ម៉ុក ម៉ារ៉េត (ជាន់ទី៥) ទីស្តីការក្រសួងបរិស្ថាន ដើម្បីពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងចំនួន២ រវាងក្រសួងយុត្តិធម៌ និងក្រសួងបរិស្ថាន រួមមាន ៖
១.សេចក្តីព្រាងប្រកាសស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ រវាងក្រសួងយុត្តិធម៌ និងក្រសួងបរិស្ថាន ។
២.សេចក្តីព្រាងប្រកាសស្តីពីទម្រង់បែបបទនៃកំណត់ហេតុ និងសំណុំលិខិតដោះស្រាយបទល្មើស បរិស្ថាន
៣. ផ្សេងៗ
ជាលទ្ធផលនៃកិច្ចប្រជុំ ៖
១. ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំដល់គ្រប់អង្គភាពអគ្គនាយកដ្ឋាន និងថ្នាក់ដឹកនាំក្រសួង ៖
- ត្រូវមានកិច្ចប្រជុំ យ៉ាងតិចមួយខែពីរដង ឬពីរសប្តាហ៍ម្តង ដើម្បីពិនិត្យលើសេចក្តីព្រាង បទដ្ឋានគតិយុត្តដែលក្រមបានចែង។
- រៀងរាល់កិច្ចប្រជុំជំនាញ ត្រូវធ្វើកំណត់ ហេតុនិងរបាយការណ៍។
- ករណីកិច្ចប្រជុំអន្តរ អគ្គនាយកដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាលរៀបចំ ទទួលបន្ទុក ក្នុងការធ្វើកំណត់ហេតុ របាយការណ៍ និងបាន អនុញ្ញាតឱ្យសាមីអង្គភាពដែលតាក់តែងសេចក្តីព្រាង ជាអ្នកការពារ។
២. តំណាងអគ្គនាយកដ្ឋានបានធ្វើសេចក្តីថ្លែង ហេតុស្តីពីការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង និងបង្ហាញពីខ្លឹមសារសំខាន់ៗដែលមាននៅក្នុង សេចក្តីព្រាងប្រកាសនេះជូនអង្គប្រជុំ។
៣.ខ្លឹមសារកិច្ចពិភាក្សា និងផ្តល់យោបល់ ដូចខាងក្រោម៖
ក-មូលបទ ស្នើសុំបន្ថែមព្រះរាជក្រឹត្យស្តីពីការតែង តាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល មួយចំនួន ដែលមានជាធរមាន
ខ-ស្នើកែសម្រួលពាក្យពេជ្រមួយចំនួន ឱ្យស្របតាមខ្លឹមសារបទដ្ឋានគតិយុត្តជាធរមាន
គ-ប្រការ១ ស្នើសុំយកសមាសភាពត្រូវផ្តល់ នីតិសម្បទា ថ្នាក់កណ្តាល (ក្រសួងបរិស្ថាន) ចាប់ពីថ្នាក់ប្រធានការិយាល័យឡើង ហើយដកសមាសភាពពីមន្ទីរពិសោធន៍ និងរដ្ឋបាលចេញ ដោយឡែកសម្រាប់ថ្នាក់មន្ទីរ ស្នើកំណត់ចំនួនក្នុងមួយមន្ទីរប្រធាន អនុប្រធានទទួលបន្ទុកគាំពារបរិស្ថាន និងការិយាល័យគាំពារយ៉ាងច្រើន (៣នាក់) ។ ចំពោះមន្រ្តីដែលបានស្បថហើយ (ថ្នាក់មន្ទីរ) មិនចាំបាច់ស្បត់ទៀតទេ។
ឃ-កែសម្រួលខ្លឹមសារប្រការ២ ឡើងវិញ
ង-ប្រការ៣ សូមដកចេញ កែសម្រួលប្រការ៤ មក៣ កែសម្រួលប្រការ៥ មក៤ វិញ
ច-ចំណុចកន្លែងទទួល កែសម្រួលពីពាក្យសាលា មកជា រដ្ឋបាលរាជធានី ខេត្ត វិញ។
ជារួម ការពិនិត្យពិភាក្សាលើសេចក្តីព្រាងខាងលើ អង្គប្រជុំបានជជែកពិភាក្សាគ្នា និងបានផ្តល់ធាតុក្នុងការកែលំអរខ្លឹមសារនៃសេចក្តីព្រាងប្រកាសដើម្បីឱ្យស្របតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធប្រកបដោយការទទួលខុសត្រូវខ្ពស់។
៤-ចំពោះសេចក្តីព្រាងប្រកាសទី២ ស្តីពីទម្រង់បែបបទនៃកំណត់ហេតុ និងសំណុំលិខិតដោះស្រាយបទល្មើស បរិស្ថាន ឯកឧត្តមប្រធានអង្គប្រជុំបានលើកទៅពិនិត្យពិភាក្សាលើកក្រោយបន្តទៀត។
៥-ការងារផ្សេងៗ
ឯកឧត្តមប្រធានអង្គប្រជុំបានណែនាំដូចខាងក្រោម ៖
-សូមអគ្គនាយកដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ទាំងអស់ ដែលមានផែនការមុន និងដឹងជាមុន ក្នុងកម្មវិធី ត្រូវរៀបចំបេសកកម្មឱ្យបានមុន កុំដល់ថ្ងៃហើយបានរៀបឯកសារឡើង។ ក្នុង ករណីបន្ទាន់ត្រូវចុះ ដូចជាបញ្ហាបំពុល ត្រូវស្នើសុំលេខទុក ឬ ចេញបេសកកម្មបន្ទាន់បាន ។
-ចំពោះក្រុមការងារថ្នាក់ជាតិ រាជរដ្ឋាភិបាល បានកំណត់របបប្រជុំ ៣ខែ ម្តងយ៉ាងតិច និងការចូលរួមវេទិកាសាធារណៈ សូមថ្នាក់ដឹកនាំ យើងពិនិត្យលើការងារនេះផងដែរ។
-សូមពង្រឹងកិច្ចសហការរវាងថ្នាក់ដឹកនាំ ទទួលបន្ទុក និង អគ្គនាយកដ្ឋានឱ្យបានល្អប្រសើរ ថែមទៀត ដើម្បីជួយតម្រង់ទិស ពន្លឿនការងារ កុំឱ្យស្ទះ ឬយឺតយ៉ាវ
-ថ្នាក់ដឹកនាំអាចចូលរួមអញ្ជើញអម ឯកឧត្តម រដ្ឋមន្ត្រី តាមការអញ្ជើញ និងតាមពេលវេលា សមស្រប ទៅតាមការងារចាំបាច់ និងស្ម័គ្រចិត្ត
-គ្រប់អគ្គនាយកដ្ឋាន ត្រូវពង្រឹងគ្រប់គ្រងមន្ត្រី ច្បាប់ វិន័យ ប្រសិទ្ធភាពការងារឱ្យបាន ច្បាស់លាស់
-ចំពោះរាល់កិច្ចប្រជុំ សូមរៀបចំកម្មវិធី ដោយកំណត់ពេលវេលាលិខិតអញ្ជើញ និងក្នុងកម្មវិធីឱ្យបានច្បាស់លាស់៕