ឲ្យអស់ចម្ងល់! សម្តេចធិបតី ស្វាគមន៍បណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមរបស់កម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី05 ខែមេសា ឆ្នាំ2025 ម៉ោង 12:21 នាទី ល្ងាច

 

ការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើទំនើបកម្មពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដែលធានាដល់កិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលជាផ្លូវការ នូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី មានប្រសាសន៍ថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជានឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខលំហសមុទ្ររបស់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសស្វាគមន៍នូវបណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។ សម្តេចក៏បានច្រានចោលមតិទាំងឡាយ ដែលបានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាម នឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។

សម្តេចបានបន្តថា «យើងអត់មានលាក់ទេ ជាឱកាសពង្រឹងអធិបតេយ្យភាព មិត្តភាព សាមគ្គីភាពរវាងកម្ពុជាជាមួយប្រទេ​សទាំងអស់ រួមទាំងវិស័យការពារជាតិរបស់យើង ផ្អែកលើសាមគ្គី និងការគោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមក»។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា បើកម្ពុជាចង់លាក់នោះ ក៏កម្ពុជាមិនចាំបាច់រៀបចំពិធីសម្ពោធ និងធ្វើការផ្សព្វផ្សាយផ្ទាល់តាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនបានធ្វើទង្វើណា ដែលរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួននោះដែរ ។

សម្តេចធិបតីបានបញ្ជាក់ថា មូលដ្ឋានកងទ័ពជើងទឹករាម គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខដោយកងទ័ពជើងទឹកកម្ពុជា។ ទោះជាយ៉ាងនេះក្តី សម្តេចបានលើកឡើងថា ក្រុមប្រឆាំង និងសារព័ត៌មានបរទេសមួយចំនួន នឹងនៅតែរកឱកាសវាយប្រហារចំពោះកម្ពុជា ទាក់ទងនឹងបញ្ហានេះ ដោយមិនឈប់ឈរឡើយ ៕

 

Photo ឆាណែនតេឡេក្រាមសម្តេចធិបតី

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម