ជាមួយនឹងក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៥ ជិតឈានមកដល់នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏មិនភ្លេចការថ្លែងអំណរគុណចំពោះពួកគាត់ទាំងអស់ ដែលបានគាំទ្រ និងចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននៅកម្ពុជា ។
ការថ្លែងអំណរគុណចេញពីបេះដូងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងឱកាសនេះ គឺជាសំណាងជាច្រើនរបស់យើង ដែលបានចូលរួមលើកស្ទួយវិស័យបរិស្ថាននៅកម្ពុជា ។ តើមានវិធីអ្វីដែលល្អជាងការបង្ហាញកតញ្ញូជាងការដឹងគុណដល់អ្នករាល់គ្នា ចំពោះផែនដីរបស់យើង? ផែនដីផ្តល់ឱ្យយើងនូវតម្រូវការទាំងអស់ ចាប់ពីមូលដ្ឋាន ដី ទឹក ខ្យល់ រហូតដល់ធនធានធម្មជាតិដ៏ប្រណីតៗជាច្រើនរបស់ខ្មែរដែលផ្តល់ឲ្យចិត្តយើងរីករាយ ស្រស់ថ្លា សម្រាប់ការចូលរួមពីសំណាក់ថ្នាក់ក្រោមឱវាទរបស់ក្រសួង យុវជន កុមារ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ វិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ដៃគូជាតិ-អន្តរជាតិ ដើម្បីបរិស្ថាន និងផែនដីរបស់ខ្មែរទាំងអស់គ្នា ។
ភាពជោគជ័យដែលទទួលបានកន្លងមក គឺស្តែងចេញពីការដាក់ចេញនូវ «ភាពស្អាត ភាពបៃតង និងចីរភាព» និងយុទ្ធនាការរបស់ក្រសួងបរិស្ថានដែលបានដាក់ចេញជាបន្តបន្ទាប់រួមមាន៖ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» យ៉ាងផុសផុលសម្អាតផ្ទះរបស់យើងទាំងអស់គ្នា ឈានឆ្ពោះទៅភាពស្អាតរបស់សង្គមជាតិ និងនាំឱ្យប្រទេសកម្ពុជាស្អាត ។
បរិស្ថានគឺជាមូលដ្ឋានគ្រឹះដែលជីវិតទាំងអស់ត្រូវពឹងផ្អែកលើវា ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះច្បាប់ ដែលការពារធនធានធម្មជាតិ អរគុណអ្នកដែលបង្កើតច្បាប់ និងអ្នកដែលអនុវត្ត ។ ការវិនាសបរិស្ថាន គឺជាអ្វីដែលអាចកើតឡើង ប្រសិនបើយើងមិនមានច្បាប់ទាំងនេះមកប្រើ។
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរៀបចំឡើង ដោយអនុលោមតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានគូសបញ្ជាក់ ពី បេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រកបដោយចីរភាព ដែលឈរលើសសរស្តម្ភចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រី ជាចុងក្រោយ សូមថ្លែងអំណរគុណសាជាថ្មី ចំពោះអ្នករាល់គ្នា ដែលពួកគាត់គឺជាអនាគតរបស់យើង ជាអនាគតនៃ«ផែនដីខ្មែរដែលជាមរតកពីដូនតារបស់យើង» ដែលយើងត្រូវចូលរួមរក្សាឲ្យបានស្អាតតរៀងទៅ ៕