អត្ថបទ សូរ្យរិទ្ធ
កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃព្រឹកចន្ទ ទី ៧ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ, លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម រួមទាំងអ្នកច្បាប់ និងសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ ដែលឈរជើងនៅតាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ មុំបី។
ថ្លែងបដិសណ្ឋារកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរគុណ ចំពោះកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ព្រមទាំងប្រតិភូ ដែលឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញមកដឹងសុខទុក្ខកងទ័ពនៅជួរមុខ ថែមទាំងបានឧបត្ថម្ភដោះស្រាយនូវតម្រូវការរបស់កងពល មានដូចជា អគារស្នាក់នៅ អគារហ្វឹកហ្វឺន ផ្លូវ ស្រះទឹក ប្រឡាយ ជាដើម ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បុព្វហេតុការពារបូរណភាព និងអធិបតេយ្យកម្ពុជារបស់កងពល ។
ឆ្លៀតឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃទិសប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់ល្អដែលកំពុងក្លាយជាព្រំដែនសន្តិភាព អភិវឌ្ឍន៍និងពាណិជ្ជកម្ម។ ប៉ុន្តែឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ហ៊ានលះជីវិតបង់ជីវិត ដើម្បីបូរណភាពទឹកដីមិនឲ្យបាត់មួយមិល្លិម៉ែត្រឡើយ ។
ក្នុងពិធីសំណេះសំណាលដ៏ស្និទ្ធស្នាល កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខដោយក្តីនឹករឭក នាឱកាសបុណ្យចូលឆ្នាំថ្មី ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះវីរកងទ័ព បង្កើតជាប្រពៃណី នូវចំណងមេត្រីភាព រវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ដែលសម្តេចតេជោ ជាអ្នកផ្ដួចផ្ដើម និងត្រូវបានបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជារហូតមក ។
កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី សម្តែងនូវការកោតសរសើរចំពោះវីរភាពក្លាហានរបស់យុទ្ធមិត្ត ដែលឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែន មិនដែលត្អូញត្អែរ ហើយរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ អង្គភាព និងសប្បុរសជន បានមកដឹងសុខទុក្ខគ្នាទៅវិញទៅមក ជាការផ្សារភ្ជាប់នូវមនោសញ្ចេតនាផ្សារសាច់ឈាមតែមួយ រវាងសមរភូមិមុខ និងសមរភូមិក្រោយ ព្រមទាំងនាំយកអំណោយអង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនយុទ្ធមិត្តក្នុងកងពល ។
បន្ទាប់មក កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី និងប្រតិភូ ក៏បានអញ្ជើញទៅទស្សនាសមិទ្ធផល របស់កងពល ដែលបានលេចចេញជាផ្លែផ្កា ពីទឹកចិត្តសប្បុរសនៃការចងសម្ព័ន្ធមេត្រីនេះផងដែរ ៕