កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា «ការកែទម្រង់ មិនអាចធ្វើដោយតក់ក្រហល់បានទេ គឺន្សឹមៗ ត្រូវការពេលវេលា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី08 ខែមេសា ឆ្នាំ2025 ម៉ោង 7:41 នាទី ល្ងាច

 

កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងឱកាសសំណេះសំណាលជាមួយកងទ័ពនៃកងពលធំអន្តរាគមន៍លេខ ៣ ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះ​សំណាលកាលពីថ្ងៃទី ៧ មេសា ២០២៥ អំពីកំណែទម្រង់របស់អ្នកនៅសមរភូមិក្រោយថា «យើងនៅសមរភូមិក្រោយ យើងខិតខំណាស់ ការកែទម្រង់មានជាបណ្តើរៗ មិនអាចធ្វើដោយតក់ក្រហល់បានទេ គឺយើងទៅសន្សឹមៗ» ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឲ្យយើងស្រមៃទៅក្រោយ កាលពីឆ្នាំ 1993-1995 ដែលគ្មាននរណានឹកស្មានថា ការគ្រប់គ្រងសណ្តាប់ធ្នាប់អាវុធ គ្រាប់រំសេវ ធ្វើបានល្អដូចសព្វថ្ងៃ ! កាលនោះ សូម្បីចូលហាងគុយទាវ ក៏ព្រលឹងចុងសក់ អាបេ 2-3 ដើមបញ្ឈរលើកៅអី... គ្រាន់តែឃើញក៏ឆ្អែតមុន!! ឥឡូវមកដល់ម៉ោងនេះ នៅសមរភូមិក្រោយ អ្នកណាហ៊ានបាញ់មួយគ្រាប់ តាមចាប់ដល់ផ្ទះ នេះជាសណ្តាប់ធ្នាប់លពិសេស ដែលរាជរដ្ឋាភិបាលរៀបចំបានល្អ ជាការកែទម្រង់សណ្តាប់ធ្នាប់នៃការគ្រប់គ្រងកាន់អាវុធ !

 

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងកាលពីពេលមុន រឿងធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ។ល។ វាពិតជាពិបាក ស្មុគស្មាញ ប៉ុន្តែជាបណ្តើរ! រហូតមកដល់ឥឡូវ ក្រុមការងារចុះសង្កាត់ណា រួមជាមួយសង្កាត់ហ្នឹងធ្វើ និងបានក្លាយជាទម្លាប់ថ្មីដោយមិនដឹងខ្លួន ពីព្រោះឆ្លងកាត់ ៨ ឆ្នាំ យើងកែទម្រង់បន្តិចម្តងៗ ដើម្បីឲ្យត្រជាក់ ដែលយើងហៅថា «សេវាត្រជាក់ចិត្ត», «សេវាល្អ រាស្ត្រគាំទ្រ» នេះជាការកែទ្រង់ ដែលត្រូវការពេលវេលា ហើយកែទម្រង់របៀបនេះ អត់បានយកនរណាម្នាក់ទៅដាក់ពន្ធនាគារទេ គឺយើងកែទម្រង់ដោយបង្គោលមួយធំ អប់រំផ្សព្វផ្សាយ បង្ការ-ទប់ស្កាត់ ។

ចំណែកលទ្ធផលនៃការកែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬតែងហៅថា ប្រឡងបាក់ឌុប ទាំងរាជរដ្ឋាភិបាលផង ទាំងគណបក្សផង វាយតម្លៃថាល្អណាស់ រដ្ឋាភិបាលទើបប្រើ ២ បង្គោល ចំណែកអង្គភាពប្រឆាំងអំពើពុករលួយ ប្រើ ៣ បង្គោល គឺទីមួយ អប់រំ, ទីពីរ បង្ការ-ទប់ស្កាត់, បង្គោលទីបី ចាប់បញ្ជូន តែយើងប្រើតែពីរទេ (អប់រំ និងបង្ការ-ទប់ស្កាត់) ។

ការប្រឡងបាក់ឌុប បានប្តូរផ្នត់គំនិតទាំងស្រុង ប្តូរទាំងឪពុកម្តាយ ទាំងសិស្ស ទាំងគ្រូខ្លួនឯង នេះជាជោគជ័យមួយមិនអាចវិលត្រឡប់ទៅដូចពីមុនបានទេ ហើយរាជរដ្ឋាភិបាលកំពុងប្តូរផ្នត់គំនិតសង្គមផ្សេងៗទៀតផងដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានរំឭកថា បើងាកទៅសម័យមុន ពេលប្រឡងម្តងៗ មណ្ឌលណានៅជាប់នឹងផ្លូវ អនុរក្សនៅក្នុងថ្នាក់ បើគេចមិនទាន់ ច្បាស់ជាបែកក្បាលដោយដុំថ្មគប់ប៊្រូយ៉ុងចូល បេក្ខជនរើស ក៏មិនហ៊ានឃាត់ដែរ...។ ក្នុងមណ្ឌលប្រឡង នរណាចូលក៏បាន ឃាត់គេ គេមិនស្តាប់ ហើយឪពុកម្តាយពេលប្រឡងម្តងៗ សុទ្ធតែត្រៀមលុយសូកឲ្យកូនប្រឡងជាប់ តែឥឡូវតែធ្លាក់មួយដង គាត់ស្បថតែម្តង បើមិនប្រឹងរៀន ត្រូវតែធ្លាក់ នេះហើយជាកំណែទម្រង់ ទាំងក្រសួងអប់រំ យុវជន និងកីឡាដែលជាសាម៉ី និងចូលរួមដោយអង្គភាពប្រឆាំងអំពើពុករលួយ គឺយើងប្រើពេលវេលាអនុវត្តដោយសន្សឹមៗ ។ សិស្សមានតែម្យ៉ាងគត់ បើចង់ជាប់ ត្រូវតែខំរៀន ហើយអ្នកជាប់មានកិត្តិយស អ្នកធ្លាក់អស់ចិត្ត!  ឪពុកម្តាយណាដែលមិនសប្បាយចិត្ត នៅពេលឃើញកូនខំរៀន ជាប់ដោយចំណេះខ្លួនឯង ជាប់ដោយសេចក្តីថ្លៃថ្នូរ រហូតមកដល់ឆ្នាំក្រោយៗ សិស្សប្រឡងជាប់ហើយនៅយំទៀត ស្តាយនៅចង់បាន និទ្ទេស A ! នេះគឺលទ្ធផលនៃការកែទម្រង់របស់រាជរដ្ឋាភិបាល ចាប់ផ្តើមកែទម្រង់ គឺចាប់ផ្តើម គ្មាននរណាហ៊ានមកជិតសាលា គ្មានអ្នកណាហ៊ានរំលោភអំណាច គ្មានអាងកូនលោកធំអីទេ !

 

 

 

 

 

 

 

 

កាមេរ៉ា កែវ សុវណ្ណារ៉ា

អត្ថបទ សូរ្យរិទ្ធ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម