ការឡើងកម្តៅផែនដីកំពុងធ្វើឱ្យកម្រិតអុកស៊ីហ្សែននៅក្នុងបឹងបួរជុំវិញពិភពលោក ធ្លាក់ចុះយ៉ាងឆាប់រហ័ស

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី10 ខែមេសា ឆ្នាំ2025 ម៉ោង 10:51 នាទី ព្រឹក

 

កម្រិត​អុកស៊ីហ្សែន​ក្នុង​បឹងបួរ​ជុំវិញ​ពិភពលោក ​កំពុង​ធ្លាក់​ចុះ​ដោយ​សារ​ការ​ឡើង​កម្តៅផែនដី។ អ្នកស្រាវជ្រាវព្រមានថា រលកកម្តៅ និងការបំពុលពីកសិកម្ម បំផ្លាញប្រព័ន្ធអេកូឡូស៊ី បង្កើត «តំបន់ស្លាប់ (Dead Zones)» និង អាចបាត់ បង់អុកស៊ីហ្សែនរហូតដល់ 9% ។

ការស្រាវជ្រាវថ្មីដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Science Advances និយាយថា កម្រិតអុកស៊ីហ្សែននៅក្នុងបឹងជុំវិញពិភពលោកកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ និន្នាការស្រដៀងគ្នានេះ ក៏ត្រូវបានគេរកឃើញនៅក្នុងទន្លេ និងសមុទ្រជាច្រើនទៀតផង ប៉ុន្តែបឹងខ្លះបាត់បង់អុកស៊ីហ្សែនលឿនជាងសមុទ្រ 9 ដងឯណោះ ។

នៅចន្លោះឆ្នាំ 1980-2017 កម្រិតអុកស៊ីហ្សែនបានថយចុះ 5.5% នៅក្នុងផ្ទៃទឹក និង 18.6% នៅក្នុងទឹកជ្រៅ។

អ្នកភូមិសាស្ត្រ អ៊ីប៉ ចាង (Yibo Zhang) និងក្រុមរបស់គាត់មកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (Chinese Academy of Sciences (CAS) ) បានប្រើរូបភាពផ្កាយរណបដោយភ្ជាប់ជាមួយការសិក្សាទិន្ន័យខាងភូមិសាស្ត្រ និងអាកាសធាតុ ដើម្បីដឹងហេតុការណ៍ដែលនាំទៅដល់ការបាត់បង់អុកស៊ីហ្សែនទាំងនេះ មានច្រើនជាង 80% នៃបឹងបួរចំនួន 15,535 កន្លែង រកឃើញថាមានកម្រិតអុកស៊ីហ្សែនថយចុះ ។

អ្នកស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ការរីកដុះដាលនៃសារាយ និង Algae Blooms ត្រូវបាត់បង់អុកស៊ីហ្សែនរហូតដល់ 10% ។ ទន្ទឹមនឹងនេះ ស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរឡើងដោយសារការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃសារធាតុចិញ្ចឹមក្នុងទឹក ដូចជា ជីគីមី និងកាកសំណល់សត្វដែលហូរចូលទៅក្នុងប្រភពទឹក។

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងសីតុណ្ហភាពរយៈពេលវែងត្រូវបានចាត់ទុកថាជាមូលហេតុចម្បងនៃការថយចុះអុកស៊ីហ្សែននៅក្នុងបឹង។

បឹងធម្មជាតិ និងទឹកបឹងដែលមនុស្សបង្កើតឡើង វាគ្របដណ្តប់លើផ្ទៃដីប្រហែល 5 លានគីឡូម៉ែត្រការ៉េលើផ្ទៃផែនដី ហើយជាញឹកញយជាទីអាស្រ័យនៃប្រភេទមានជីវិត ។

ការថយចុះអុកស៊ីហ្សែនរលាយក្នុងទឹក វាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី បង្កើត «តំបន់ស្លាប់(Dead Zones)» ដែលមិនមានអុកស៊ីហ្សែនគ្រប់គ្រាន់សម្រាប់ជីវិតសត្វក្នុងទឹកដើម្បីរស់ និង​បាន​ធ្វើ​ឱ្យ​សត្វ​ក្នុង​ទឹក​មួយ​ចំនួន​ធំ​ស្លាប់ ហើយនិន្នាការនេះកំពុងកើនឡើងនៅក្នុងប្រភពទឹកជុំវិញពិភពលោក។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ មាន​របាយការណ៍​​នៃ​ការ​ស្លាប់​យ៉ាង​ច្រើន​នៃ​សត្វ​ក្នុង​ទឹក ដូចជា​ អន្ទង់​នៅ​នូវែលហ្សេលេន, ត្រីប្រភេទឈ្មោះ Murray cod ក្នុងប្រទេសអូស្ត្រាលី ត្រីជាច្រើនប្រភេទទៀត និងខ្យងក្នុងប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ ។

លោក ឈី គុន (Shi Kun) អ្នកបរិស្ថានវិទ្យានៅ CAS បានប្រាប់ Xinhua ថា ការដាំរុក្ខជាតិក្រោមទឹក និងការបង្កើតដីសើមក៏អាចជួយស្តារប្រព័ន្ធអេកូឡូស៊ីរបស់បឹងផងដែរ ៕

 

ប្រភព Science Alert + springnews

បកប្រែដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម