ពី AFP + mgronline
ដោយ សូរ្យសែង
តាម AFP ផ្សាយថា ស្ថានទូតជប៉ុនបាននិយាយថា នាវាចម្បាំងជប៉ុនពីរគ្រឿងបានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពជើងទឹកកម្ពុជារាមកាលពីថ្ងៃសៅរ៍ (19 មេសា) ដែលជាកំពង់ផែទើបសម្ពោធរួចថ្មីៗនេះ ។ នេះជានាវាដំបូងគេដែលចូលចតនៅមូលដ្ឋានកងទ័ពកម្ពុជា ។
មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ដែលពីមុនស្ថិតនៅក្រោមភាពស្រពេចស្រពិល និងចោទប្រកាន់របស់សហរដ្ឋអាមេរិក ថាជាមូលដ្ឋាន ផ្តល់ឱ្យចិននូវទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងឈូងសមុទ្រថៃ នៅជិតសមុទ្រចិនខាងត្បូងដែលមានជម្លោះ ប៉ុន្តែមន្ត្រីជាន់ខ្ពស់កម្ពុជាបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់នេះ ដោយនិយាយថា មូលដ្ឋានទ័ពជើងទឹកមិនមែនសម្រាប់បរទេសណាមួយដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជាឡើយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូនៃកងទ័ពរំដោះប្រជាជនចិន បានអញ្ជើញសម្ពោធមូលដ្ឋាននេះកាលពីដើមខែមេសានេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងពិធីបើកសម្ពោធថា មូលដ្ឋាននេះមិនមានអ្វីត្រូវលាក់បាំងនោះទេ សម្តេចថា នាវាពីប្រទេសផ្សេងនឹងត្រូវបានអនុញ្ញាតឱ្យចូលចត ។
ឥឡូវ ការពិតបានលាតត្រដាងហើយ បានជម្រះមន្ទិលសង្ស័យ ភ្នែក ត្រចៀកដែលមានភាពស្រពេចស្រពិល បានលេចឡើងឲ្យឃើញ គឺនាវាចម្បាំងរបស់ជប៉ុន ២ គ្រឿងបានចូលចតមុនគេ នៅកំពង់ផែមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ។
ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅប្រព័ន្ធផ្សព្វផ្សាយថា៖ «យើងរីករាយដែលបានឃើញដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពជើងទឹករាមដែលទើបជួសជុលថ្មី នេះជាហេតុការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ»។ គូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាមានឆន្ទៈក្នុងការបើកមូលដ្ឋាននេះជាមួយគ្រប់ប្រទេស ដំណើរទស្សនកិច្ចនេះនឹងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ៕