កាសែតស្រុកថៃ បានចេញផ្សាយនៅថ្ងៃទី 20 ខែមេសា ឆ្នាំ 2025 ថា លោក ជិរ៉ាយុ ហួងសព្ទ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបានបង្ហើបថា លោកស្រី ផែថងថាន ឈីនវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានកំណត់ពេលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចន្លោះពីថ្ងៃពុធ ទី២៣ ដល់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នាយករដ្ឋមន្ត្រីថៃ ត្រៀមជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនិមិត្តសញ្ញាសម្រាប់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសថៃ និងកម្ពុជា និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនរួមគ្នា។
បន្ថែមពីលើនេះ លោកជំទាវ ផែថងថាន គ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាផ្នែកមួយនៃការអបអរសាទរក្នុងឱកាសខួបលើកទី 75 នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសថៃ និងកម្ពុជា នឹងក្លាយជាឱកាសជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេសកិច្ចសហប្រតិបត្តិការសន្តិសុខ ការដោះស្រាយបញ្ហាឆ្លងព្រំដែន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីការអភិវឌ្ឍន៍ និងទំនាក់ទំនងក្នុងកម្រិតប្រជាជន ។ លោក ជិរ៉ាយុ និយាយ ៕