ដកស្រង់ពីវេបសាយ springnews
ដោយ សាវុឌ្ឍ
ទោះបីជារឿងនេះបានកើតឡើងកាលពី 3 ឆ្នាំមុនក៏ដោយ តែវាជាក្តីបាររម្ភបន្ត នឹងផ្តល់ផលប៉ះពាល់ដល់បញ្ហាបរិស្ថាន នាពេលអនាគត។ នៅពេលដែលការសិក្សាមួយបានវិភាគវដ្តជីវិតរបស់ប្លាស្ទិកនៅទូទាំងពិភពលោក គេបានរកឃើញថា ប្លាស្ទិកចំនួន 400 លានតោនត្រូវបានផលិតនៅឆ្នាំ 2022 ដែលក្រុមហ៊ុនផលិតជាច្រើនជុំវិញពិភពលោក តែងបានឃោសនាថា «អាចកែច្នៃឡើងវិញបាន» ប៉ុន្តែតាមពិតទៅ ភាគច្រើនជាង 362 លានតោននៅតែត្រូវបានផលិតចេញពីឥន្ធនៈហ្វូស៊ីល ហើយមានប្លាស្ទិកត្រឹមតែ 9.5% (38 លានតោន) ដែលកែច្នៃឡើងវិញបាន ។
នៅពេលដែលផលិតកម្មប្លាស្ទិកកើនឡើងយ៉ាងខ្លាំងចាប់តាំងពី 2 លានតោនក្នុងឆ្នាំ 1950 ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 800 លានតោនក្នុងឆ្នាំ 2050 អ្នកស្រាវជ្រាវនិយាយថាវាកំពុងចាប់ផ្តើមធ្វើឱ្យការបំពុលប្លាស្ទិកក្លាយជាបញ្ហាពិភពលោកបន្ទាន់និងធ្ងន់ធ្ងរកាន់តែខ្លាំងឡើង។ នេះជាបញ្ហាប្រឈមធំមួយសម្រាប់បរិស្ថាន សេដ្ឋកិច្ច និងសុខភាពសាធារណៈ។
ការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅក្នុង Communications Earth & Environment នៅបានបង្ហាញពីបរិមាណប្លាស្ទិក ដែលត្រូវបានបោះចោលដោយការដុតជំនួសឱ្យការកែច្នៃឡើងវិញ មានតែ 27.9% នៃសំណល់ប្លាស្ទិកដែលត្រូវបានបោះចោលដោយត្រឹមត្រូវនៅឆ្នាំ 2022 ។
ថ្វីបើចិនជាប្រទេសផលិត និងអ្នកប្រើប្រាស់ប្លាស្ទិកធំជាងគេក៏ដោយ ប៉ុន្តែប្រជាជនអាមេរិកបានប្រើប្រាស់ប្លាស្ទិកច្រើនជាងគេក្នុងមនុស្សម្នាក់ ជាមធ្យមជនជាតិអាមេរិកប្រើប្រាស់ប្លាស្ទិក 216 គីឡូក្រាមក្នុងមួយឆ្នាំ។ ខណៈពេលដែលសហរដ្ឋអាមេរិកផលិតកាកសំណល់ប្លាស្ទិកចំនួន 40.1 មេហ្គាតោន ដែលភាគច្រើនវាជាទម្រង់វេចខ្ចប់ម្ហូបអាហារ និងទំនិញផ្សេងៗ ។
ចំណែក 28 ប្រទេសនៅក្នុងសហភាពអឺរ៉ុប និងប្រទេសជប៉ុន ក៏មានការប្រើប្រាស់ផ្លាស្ទិកក្នុងមនុស្សម្នាក់ខ្ពស់ផងដែរ គឺ 86.6 គីឡូក្រាម និង 129 គីឡូក្រាមក្នុងមួយឆ្នាំ តាមលំដាប់។
ទីបំផុត «រណ្តៅចាក់សំរាម» នៅតែជាគោលដៅចម្បងសម្រាប់កាកសំណល់ប្លាស្ទិក ដែលមានចំនួន 103.37 លាន តោន ឬ 40% នៃកាកសំណល់ប្លាស្ទិកទាំងអស់នៅទូទាំងពិភពលោក។
នៅពេលដែលកិច្ចខិតខំប្រឹងប្រែងបន្តឈានដល់សន្ធិសញ្ញាកាកសំណល់ប្លាស្ទិកជាសកល ដើម្បីដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិកដែលបង្កការគំរាមកំហែងដល់បរិស្ថាន និងសុខភាពសាធារណៈ ការចរចាបានធ្វើឡើងនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងកាលពីខែធ្នូឆ្នាំទៅ បានបញ្ចប់ដោយបរាជ័យ បន្ទាប់ពីប្រទេសផលិតឥន្ធនៈហ្វូស៊ីល រួមមាន អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានប្រឆាំងនឹងការប៉ុនប៉ងកំណត់ការផលិតនៅក្នុងសន្ធិសញ្ញានោះ នេះបង្កើនការរំពឹងទុកថា កិច្ចពិភាក្សានឹងបន្តនៅទីក្រុងហ្សឺណែវខែសីហាឆ្នាំនេះ ៕