សៀមរាប៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ សី្តពី ការពិនិត្យឡើងវិញ «ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១- ២០២៥» និង «ការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២៦-២០៣០» នៅសណ្ឋាគារខេមរាអង្គរ និងស្ប៉ា ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងបរិស្ថាន ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រុមការងារកុមារ យុវជន មន្ទីរបរិស្ថានរាជធានី-ខេត្ត អង្គការដៃគូ និងគណៈកម្មការបណ្តាញ សហគមន៍សរុបចំនួន ៩៧នាក់ ស្រី ៤២នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងប្រមូលធាតុចូលពាក់ព័ន្ធនឹងចំណុចខ្លាំង ការប្រឈម មេរៀនបទពិសោធន៍នៃការអនុវត្ត ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥ ព្រមទាំងការកំណត់នូវចំណុចខ្លាំង តម្រូវការជាក់ស្តែង ឱកាស នៅថ្នាក់មូលដ្ឋានសម្រាប់ជាធាតុចូល សម្រាប់ដាក់បញ្ចូលក្នុងការរៀបចំផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថានឆ្នាំ២០២៦-២០៣០ ដើម្បីឱ្យមានភាពប្រសើរឡើង និងគ្រប់ជ្រុងជ្រោយ សុគតិភាព ដោយគ្របដណ្តប់គ្រប់ជាន់ថ្នាក់ ការយកចិត្តទុកដាក់ដល់ការរួមចំណែករបស់ស្រ្តីក្នុងការអភិរក្ស និងការ អភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ព្រមទាំងផ្សារភ្ជាប់ជាមួយបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងបច្បុប្បន្នភាពនៃការវិវត្តរបស់ប្រទេស និងពិភពលោក ពិសេសស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ យុទ្ធសាស្រ្តចក្រាឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន និងយុទ្ធសាស្ត្រនៃការប្រែប្រួលអាកាសធាតុ។
ដើម្បីប្រមូលបានធាតុចូលគ្រប់ជ្រុងជ្រោយ ក្រុមការងារក៏បានបង្កើតកម្រងសំណួរ ដោយបានផ្ញើជូនជាមុនដល់មន្ទីរបរិស្ថានរាជធានី ខេត្ត ធ្វើការប៉ាន់ប្រមាណពីវឌ្ឍនភាពនៃការអនុវត្តការងារ ព្រមទាំងលើកឡើងពីចំណុច ឬសកម្មភាពចាំបាច់ដែលសមស្របនឹងពេលវេលា និងស្ថានភាពនៅមូលដ្ឋាន និងការរៀបចំការពិភាក្សាលំអិតក្នុងសិក្ខាសាលាមួយថ្ងៃពេញផងដែរ។
លោកជំទាវប្រធាន ក៏បានស្នើសុំឱ្យអង្គសិក្ខាសាលាទាំងមូលយកចិត្តទុកដាក់ ដោយផ្តោតការពិភាក្សាកំណត់រក សកម្មភាពជាយុទ្ធសាស្រ្ត ដែលជាមូលដ្ឋានគ្រឹះ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត ឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់អំណាចស្រ្តីក្នុងវិស័យបរិស្ថាន ជាពិសេសការឆ្លើយតបទៅនឹងបម្រែសបម្រួលអាកាសធាតុ។ សិក្ខាសាលាថ្ងៃនេះ ក៏ជាធាតុចូលដ៏សំខាន់សម្រាប់បញ្ចូលទៅក្នុងការរៀបចំរបាយការណ៍ NDC 3.0 ផងដែរ។
សូមគូសបញ្ជាក់ផងដែរ សិក្ខាសាលាថ្ងៃនេះប្រព្រឹត្តទៅដោយរលូន គឺដោយសារក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងបរិស្ថាន សហការជាមួយអង្គការរីខូហ្វ គម្រោង INRM អង្គការDPA និង អង្គការCEPA ៕