ក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. បញ្ចេញសំណល់រាវចូលស្ទឹងព្រែកត្នោត ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ទទួលពិន័យអន្ដរការណ៍ ពីក្រសួងបរិស្ថាន

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី26 ខែមេសា ឆ្នាំ2025 ម៉ោង 8:03 នាទី ល្ងាច

 

ក្រុមការងារអធិការកិច្ចប្រសិទ្ធភាពសុក្រឹតកម្មបរិស្ថានកិច្ចលើភាពស្អាត តាមលិខិតបញ្ជាបេសកកម្មលេខ ០២០ បបក គព.បស្ថ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករង ដោយមានការចូលរួមពីលោកអភិបាលរងស្រុកអង្គស្នួល ក្រុមប្រឹក្សាឃុំក្រាំងម្កាក់ មេភូមិព្រៃខ្លា និងមន្ទីរបរិស្ថានខេត្តកណ្ដាល ជួបប្រជុំ និងចុះត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. ចូលស្ទឹងព្រែកត្នោត ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជាលទ្ធផលបឋមទទួលបានដូចខាងក្រោម៖

 ក្រុមហ៊ុនបើកដំណើរការនៅដើមឆ្នាំ២០២0 ជាប្រភេទសិប្បកម្មផលិតដំណាប់ស្វាយ ដោយប្រើប្រាស់ស្វាយស្រស់ដែលមានបរិមាណប្រហែល ៣០តោន/ថ្ងៃ និងប្រើប្រាស់ទឹកប្រមាណ ៣០ម៉ែត្រគូប/ថ្ងៃ ពីប្រភពទឹកស្អាត

  • ក្រុមហ៊ុនពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ ដោយក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលអាងស្ដុក រួចបូមបង្ហូរចូលស្ទឹងព្រែកត្នោតតាមរយៈទុយោបង្កប់ក្រោមដី
  • ក្រុមហ៊ុន មិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធទេ
  • ក្រុមការងារ បានយកសំណាកទឹកចំនួនពីរសំណាក នៅចុងទុយោជាប់មាត់ព្រែកត្នោត។

ជារួមករណីបំពុលទឹកព្រែកត្នោត គឺបង្កឡើងដោយក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. បានបូមបង្ហូរសំណល់រាវចូលព្រែកត្នោតដោយផ្ទាល់ ពុំបានធ្វើប្រព្រឹត្តិកម្មសម្អាត។ អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ អនុក្រឹត្យលេខ២៧ អនក្រ.បក ស្ដីពីការត្រួតពិនិត្យការបំពុលទឹក និងសារាចរលេខ ០៣ សរ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្ដីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈរបស់រាជរដ្ឋាភិបាល ជាវិធានការចំពោះក្រុមហ៊ុន រួមមាន៖

  • ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវដោយផ្ទាល់ចូលប្រភពទឹកសាធារណៈចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ តទៅ និងត្រូវធ្វើការកាត់ផ្តាច់ទុយោនៅខាងមុខក្រុមហ៊ុន
  • ធ្វើការរុះរើទុយោបង្កប់ចេញឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជាកំហិត និងស្នើដល់អាជ្ញាធរមូលដ្ឋាន តាមដានការអនុវត្តរបស់ក្រុមហ៊ុន
  • ធ្វើការផាកពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ និងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក
  • ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយសហការជាមួយក្រុមហ៊ុនផ្តល់សេវាវិស្វកម្មបរិស្ថាន ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិមាត្រា២៨៧
  • នៅក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនផ្ដល់សេវាដែលទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការបូមសម្អាតសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន។
  • ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យ បរិស្ថានផ្សេងទៀត យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិមាត្រា៦៥០ ។
  • ត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាននិងសុខភាពសាធារណៈ អនុលោមតាមមាត្រា១៦២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
  • ត្រូវស្ដារស្ទឹងព្រែកត្នោតដែលទទួលរងការបំពុលឱ្យមានភាពល្អប្រសើរទ្បើងវិញ អនុលោមតាមមាត្រា៧២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម